ខេត្តកំពង់ចាម៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្ត បានសហការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាងសង់ផ្ទះមនុស្សធម៌ ខេត្តកំពង់ចាមឆ្នាំ ២០២១-២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង និមន្ត អញ្ជើញចូលរួម នាឱកាសនោះ មាន ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី ព្រះមេគណខេត្ត ព្រះចៅអធិការ ព្រះអនុគណក្រុង ស្រុក គណ:ធម្ម យុត្តិកនិកាយ ព្រះមន្ត្រីសង្ឃជាសមាជិកភាពមូលនិធិនៃកម្មវិធីផ្ទះមនុស្សធម៌ខេត្ត និងលោក លោកស្រី តំណាងមន្ទីរអង្គភាពប្រមាណជា ១៦២អង្គ/នាក់ ។
ក្នុងរបាយការណ៍ស្វាគមន៍លោកស្រី សុភ័ក្ត្រ លេខាធិការសាខា និងជាប្រធានក្រុមការងារប្រតិបត្តិ និងវាយតម្លៃ នៃកម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្ត បានបញ្ជាក់ថា កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ នេះ ជាកម្មវិធីថ្មី តែជាសកម្មភាពចាស់ បានបង្កើតឡើង ស្ថិតក្រោមការ ដឹកនាំរបស់គណៈកម្មាធិការសាខា សហការ ជាមួយ សាលាគណ ខេត្ត តាមសេចក្តីសម្រេចលេខ ០០៥ សស.កក្រក.កច ចុះថ្ងៃទី ១ខែធ្នូ ឆ្នាំ ២០២០ ក្នុងគោលបំណង ជួយសាងសង់ និងផ្តល់ផ្ទះជាអំណោយមហាសាល ជូនដល់ទុរគតជន និងជនងាយរងគ្រោះទាំងឡាយណា ដែលលំបាកខ្វះខាត ហើយត្រូវការជម្រកសម្រាប់ស្នាក់នៅពិតប្រាកដ ដោយមិនរើសអើង មិនប្រកាន់សាសនា ឬ និន្នាការនយោបាយអ្វីឡើយ ។ កម្មវិធីនេះ មានក្រុមការងារ ២ជាសេនាធិការ ក្នុងនោះ ១ក្រុម ជាក្រុម ការងារប្រតិបត្តិនិងវាយតម្លៃ ដឹកនាំដោយ លោក ស្រី សុភ័ក្ត្រ លេខាធិការសាខាសាខា មានអនុប្រធាននិងសមាជិក ១៣អង្គ/នាក់ និង ១ក្រុមទៀត ជាក្រុមការងារកៀរគរ និងគ្រប់គ្រងមូលនិធិ ដឹកនាំដោយ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី ព្រះមេគណខេត្ត មានព្រះអនុប្រធាន និងសមាជិក សរុប ចំនួន ៤៨ អង្គ/នាក់។
លោកស្រី សុភ័ក្ត្រ ឲ្យដឹងទៀតថា គិតចាប់ពីខែមីនា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២៤ នេះ កម្មវិធី បានសម្រេចសាងសង់ និងប្រគល់ផ្ទះមនុស្សធម៌ បាន ២២ខ្នង បង្គន់អនាម័យ ២បន្ទប់ និងអណ្តូងទឹកស្អាត ១កន្លែង ក្នុងនេះអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១ខ្នង- អំណោយសាខាផ្ទាល់ ១ខ្នង- អំណោយសប្បុរសជន ៣ខ្នង និង ១៧ខ្នងទៀត ជាការចូលរួមបដិភាគ ពី ឯឩ អ៊ុន ចាន់ដា -ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះមេគណខេត្ត សប្បុរសជន និងក្រុមការងារកៀរគរ និង គ្រប់គ្រងមូលនិធិខេត្ត ។ ក្នុង ២២ខ្នងផ្ទះនេះ សាខា បានសម្រេចផ្តល់ជូន ចាស់ជរាគ្មានទីពឹង ១១គ្រួសារ- ជនមានពិការភាព ៥គ្រួសារ- អ្នកផ្ទុកមេរោគអេដស៍ ១គ្រួសារ និងជនទ័លលំបាក ៥គ្រួសារ ដែលនៅស្រុកោះសូទិន ៤ខ្នង- ស្ទឹងត្រង់ ៣ខ្នង- បាធាយ ២ខ្នង- កំពង់សៀម ៥ខ្នង- ជើងព្រៃ ២ខ្នង- កងមាស ៣ខ្នង- ចម្ការលើ ២ខ្នង និងស្រុកព្រៃឈរ ១ខ្នង ។
ឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសម្រេចបានរបស់កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាម រយ:ពេល ៤ឆ្នាំនេះ ហើយចាត់ទុកការស្ម័គ្រព្រះទ័យនិមន្តចូលរួមរបស់ព្រះមេគណខេត្ត ព្រះអនុគណក្រុង ស្រុក និងសហការី ព្រមទាំង ការចូលរួម របស់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងកម្មវិធីថ្មី នេះ ជាការរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ក្នុងការងារលើកកំពស់សុខុមាលភាព ដល់ជនងាយរងគ្រោះបំផុត ដែលនេះគឺ ជាការលើកកំពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ស្របតាម ទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ឯកឧត្តមប្រធាន គណៈកម្មាធិការសាខា ក៏បានអំពាវនាវ ដល់សប្បុរសជន គ្រប់មជ្ឈដ្ឋាន និងអង្គការដៃគូ នានា មេត្តាបន្តចូលរួមឧបត្ថម្ភគាំទ្រ តាមរយ:ការ ចលនាចូលរួមជាសមាជិកភាពមូលនិធិ និង ចូលរួមបង់វិភាគទានតាមការស្ម័គ្រចិត្ត និងលទ្ធភាព ដល់ កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាមនេះ អោយបានច្រើនកុះករ ជាបន្តទៀត ដើម្បីជួយសង្គ្រោះ ជួយដោះស្រាយទុក្ខលំបាក ជនក្រីក្រ ងាយរងគ្រោះជាអាទិភាពទាំងឡាយ ដែលខ្វះលទ្ធភាព ហើយត្រូវការលំនៅដ្ឋានស្នាក់នៅ ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី