Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ និងUNDP ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីលើកកម្ពស់នីតិរដ្ឋ

រាជធានីភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នេះ ជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌ និង UNDP ក្នុងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីលើកកម្ពស់នីតិរដ្ឋ, អភិបាលកិច្ចល្អ និងការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាមួយលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជានាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងចូលរួមចំណែកគាំទ្រសកម្មភាពអាទិភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ក្រសួងយុត្តិធម៌កម្ពុជា ជាពិសេស តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកកម្ពស់ការផ្តល់ជំនួយផ្នែកច្បាប់, ការលើកកម្ពស់ការយល់ដឹងអំពីច្បាប់នៅក្នុងសង្គម និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ស្របតាមទិសដៅការងារនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលត្រូវបានប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើ “សសរស្តម្ភ” ចំនួន ២ គឺ (សសរស្តម្ភទី១)-ការកែទម្រង់ប្រព័ន្ធតុលាការ សំដៅខិតខំធ្វើឱ្យប្រសើរឡើងជាលំដាប់ជាបន្តទៀត នូវគុណភាព និង ប្រសិទ្ធភាព ទាំងលើការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស ទាំងលើគុណភាពនៃយុត្តិធម៌ ប្រកបដោយភាពសុក្រឹត និង ភាពត្រឹមត្រូវ និង (សសរស្តម្ភទី២)-ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទដែលមានលក្ខណៈងាយស្រួល និង សម្បូរបែបឱ្យទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, ជួយសម្រុះសម្រួលផ្សះផ្សាដោះស្រាយបញ្ចប់វិវាទឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់វប្បធម៌សន្តិភាពនិយមក្នុងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ UNDP ដែលកន្លងមកតែងតែជួយ និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងយុត្តិធម៌ ក៏ដូចជាក្រសួង ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចសមិទ្ធផលការងារជាអាទិភាពជាច្រើនក្នុងបុព្វហេតុនៃការអភិវឌ្ឍរបស់កម្ពុជា។

ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងយុត្តិធម៌ និង UNDP នាពេលនេះ គឺជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង UNDP លើ ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់នីតិរដ្ឋ អភិបាលកិច្ចល្អ និងការបង្កើនជំនឿទុកចិត្តលើ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បានបង្ហាញច្បាស់អំពីការបន្តគាំទ្រ របស់ UNDP ដល់ក្រសួងយុត្តិធម៌ ជាពិសេសលើការដ្ឋាន “កែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” ដែលជាកិច្ចការ អាទិភាពដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និង UNDP នាពេលនេះ នឹងផ្តោតសំខាន់លើ៖ (ទី១)- ការគាំទ្រដល់ អ.ដ.ក. ដោយផ្តោតសំខាន់លើការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ តាមរយៈការរៀបចំផែនការ, ការអភិវឌ្ឍលិខិតបទដ្ឋានគតិយុត្ត, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសំណុំរឿង ដោយយកចិត្តទុកដាក់ជាពិសេសលើជនងាយរងគ្រោះ រួមមាន ៖ ស្ត្រី កុមារ ជនមានពិការភាព និងជនជាតិដើមភាគតិច ជាដើម។

(ទី២)- ការគាំទ្រប្រព័ន្ធជំនួយផ្នែកច្បាប់ ដោយការប្រើប្រាស់ប្រព័ន្ធឌីជីថល និងឱ្យស្របតាម ឧត្តមានុវត្តន៍ជាអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌។
(ទី៣)- ការជំរុញការផ្សព្វផ្សាយផ្នែកច្បាប់ដល់សាធារណជន ដើម្បីពង្រឹងការយល់ដឹង អំពីច្បាប់ សិទ្ធិបុគ្គល និងការពង្រឹងប្រព័ន្ធជំនួយផ្នែកច្បាប់សាធារណៈ តាមរយៈការអភិវឌ្ឍ និងការបញ្ជាបការយល់ដឹង ផ្នែកច្បាប់ និងការរៀបចំគ្លីនិកផ្នែកច្បាប់ចល័ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាលាច្បាប់ សាកលវិទ្យាល័យ សាធារណៈ និងអង្គការសង្គមស៊ីវិលនានា និង
(ទី៤)- ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីផ្នែកច្បាប់ និងមន្ត្រីតុលាការ ព្រមទាំងមន្ត្រី រាជការក្នុងវិស័យយុត្តិធម៌ ដោយរួមបញ្ចូលគោលការណ៍នៃការឆ្លើយតបយេនឌ័រ (Gender Responsive) ទៅក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការលើកកម្ពស់យេនឌ័រ និងការដោះស្រាយវិសមភាពយេនឌ័រ សម្រាប់ការទទួលបានយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។ រក្សាសិទ្ធដោយ៖សុទ្ធលី

×