ភ្នំពេញ ៖ មហាជន ក៏ដូចជាសាធារណជន ថ្មីៗនេះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការបែកធ្លាយ ករណីប្រទាំងប្រទើសខ្វែងគំនិតគ្នាអំពីឋានៈតួនាទី រវាង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែននៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អំពីបញ្ហា ឯកឧត្តម ម៉ក់ ជីតូ អញ្ជើញមន្ត្រីនគរបាលជាន់ខ្ពស់ក្នុងជួរអគ្គស្នងការរង និងប្រធាននាយកដ្ឋានចំនួន ៦នាក់ ឱ្យចូលរួមប្រជុំលើកដំបូង លើការងារប្រឆាំងបទល្មើសជួញដូរមនុស្ស និងប្រឆាំងបទល្មើសគ្រឿងញៀន, ប៉ុន្តែត្រូវបាន នាយឧត្តមសេនីយ៍ ស ថេត ចារក្នុងលិខិតអញ្ជើញនោះ ត្រឡប់ទៅវិញថា ឯកឧត្តម ម៉ក់ ជីតូ មិនមានសិទ្ធិអំណាច បញ្ជា ណែនាំ ដល់អង្គភាពជំនាញឡើយ។
ករណីប្រទាំងប្រទើសខ្វែងគំនិតគ្នាអំពីឋានៈតួនាទីនេះ បានកើតឡើងតាំងពីខែមុនមកម្ល៉េះ ប៉ុន្តែទើបតែបែកធ្លាយនៅពេលថ្មីៗនេះ ហើយគេឃើញមានការផុសជាបន្តបន្ទាប់នៅលើបណ្ដាញព័ត៌មានសង្គម។
បើតាមខ្លឹមសារក្នុងលិខិតអញ្ជើញរបស់ ឯកឧត្ត ម៉ក់ ជីតូ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដាក់ក្នុងកម្មវត្ថុថា សំណើអញ្ជើញសមាសភាពពាក់ព័ន្ធ ចូលរួមប្រជុំលើកដំបូង លើការងារប្រឆាំងបទល្មើសជួញដូរមនុស្ស និងប្រឆាំងបទល្មើសគ្រឿងញៀន។
ស្របតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មេត្តាជ្រាបថា ដើម្បីដំណើរការអនុវត្តសេចក្ដីសម្រេច លេខ ៦២១៥ សសរ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ និងដើម្បីជួយជំរុញការងារប្រឆាំងបទល្មើសជួញដូរមនុស្ស និងប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យសម្រេចបានតាមផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំលើកដំបូង លើការងារប្រចាំបទល្មើសជួញដូរមនុស្ស និងប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨: ៣០នាទីព្រឹក នៅបន្ទប់លេខ ៨៦៦ ជាន់ទី៨ នៃទីស្ដីការក្រសួងមហាផ្ទៃ, ដោយស្នើសុំសមាសភាពចូលរួមដូចខាងក្រោម ÷
១- ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ទទួលបន្ទុកនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌,
២- ឯកឧត្តម ឧត្ដមសនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន,
៣- ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលបន្ទុកប្រឆាំងគ្រឿងញៀន,
៤- ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលបន្ទុកប្រឆាំងគ្រឿងញៀន,
៥- ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹម សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន,
៦- ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចារនៅលើលិខិតអញ្ជើញនោះតបវិញថា ជូនឯកឧត្តម ជ្រាបថា ឯកឧត្តម អង្គុយស្ដាប់របាយការណ៍របស់ផែនបាន បើមានចំណុចខ្វះខាត កន្លែងណា ឯកឧត្តមកត់ត្រាទុក រាយការណ៍ជូន ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, តែមិនមានសិទ្ធិអំណាច បញ្ជា ណែនាំ ដល់អង្គភាពជំនាញឡើយ។
បន្ទាប់ពីមហាជន ក៏ដូចជា សាធារណជន បានឃើញលិខិតអញ្ជើញរបស់ ឯកឧត្តម ម៉ក់ ជីតូ ក៏ដូចជាចំណាររបស់ឯកឧត្តម ស ថេត ធ្វើឱ្យមានការងឿងឆ្ងល់យ៉ាងខ្លាំង អំពី ឋានានុក្រម និងតួនាទី រវាងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃទាំងពីររូបនេះ៕ ពិសិដ្ឋ CEN




