រាជធានីភ្នំពេញ៖ ឯកឧត្តមសភាចារ្យបណ្ឌិត ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា តាមរយៈវេទិកាផ្លាស់ប្តូរ និងកិច្ចសហការគ្នាជាមួយបញ្ញវន្តវ័យក្មេងមកពីប្រទេសផ្សេងៗក្នុងការប្រកួតគណិតវិទ្យានេះ នឹងជំរុញឱ្យបញ្ញវន្តវ័យក្មេងមានភាពអង់អាច ឈានទៅដល់ការអភិវឌ្ឍសមត្ថភាពប្រកបដោយសក្តានុពលពេញលេញ និងថែមទាំងលើកកម្ពស់ស្មារតីការរុករក ភាពអត់ធ្មត់ ការច្នៃប្រឌិត និងការស្រឡាញ់សិក្សាគណិតវិទ្យា។
នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញចូលជាអធិបតីក្នុងពិធីប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រកួតគណិតវិទ្យាអង្គរលើកទី៤ ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរសមិទ្ធផលគណិតវិទ្យាដ៏ពិសេសរបស់បញ្ញវន្តវ័យក្មេងមកពីជុំវិញពិភពលោក។
កម្មវិធីនេះប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោកបណ្ឌិត ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោកនាយកប្រតិបត្តិក្រុមហ៊ុន Bright Education លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស។
ក្នុងឱកាសនេះកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សមកពី ១៦ ប្រទេស ដែលបានចូលរួមគាំទ្រកម្មវិធីនេះយ៉ាងផុលផុស ក្នុងនោះរួមមាន៖ កម្ពុជា សហរដ្ឋអាមេរិក ចិន ឡាវ កូរ៉េខាងត្បូង កៀហ្ស៊ីស៊ីស្ថាន ហុងកុង ថៃ ហ្វីលីពីន តូមិននីស្ថាន ម៉ុងហ្គោលី អាហ្សែបៃហ្សង់ មីយ៉ាន់ម៉ា តាជីគីស្ថាន វៀតណាម និងម៉ាឡេស៊ី ដោយបានរំលេចថា វប្បធម៌ចម្រុះជាតិសាសន៍ និងស្មារតីសហការគ្នាបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យកាន់តែអស្ចារ្យ និងគួរជាទីមោទនៈ។
ការប្រកួតឆ្នាំនេះបានទាក់ទាញសិស្សានុសិស្សចូលរួមប្រកួតចំនួនប្រមាណ៦.៥០០នាក់មកពីជុំវិញពិភពលោក ដែលនេះសបញ្ជាក់ពីភាពជោគជ័យ និងតួនាទីដ៏សំខាន់របស់ការប្រកួតប្រជែងក្នុងការលើកកម្ពស់ឧត្តមភាពនៃការសិក្សាគណិតវិទ្យា និងការបង្កជាកាលានុវត្តភាពលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាសកល។
វេទិកានេះ មិនត្រឹមតែចូលរួមលើកកម្ពស់ស្តង់ដាគណិតវិទ្យានៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបំផុសទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រគណិតវិទ្យាក្នុងចំណោមបណ្តាប្រទេសដទៃនៅទូទាំងពិភពលោកផងដែរ។ តាមរយៈវេទិកាផ្លាស់ប្តូរ និងកិច្ចសហការគ្នាជាមួយបញ្ញវន្តវ័យក្មេងមកពីប្រទេសផ្សេងៗក្នុងការប្រកួតគណិតវិទ្យានេះ នឹងជំរុញឱ្យបញ្ញវន្តវ័យក្មេងមានភាពអង់អាច ឈានទៅដល់ការអភិវឌ្ឍសមត្ថភាពប្រកបដោយសក្តានុពលពេញលេញ និងថែមទាំងលើកកម្ពស់ស្មារតីការរុករក ភាពអត់ធ្មត់ ការច្នៃប្រឌិត និងការស្រឡាញ់សិក្សាគណិតវិទ្យា។
កឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងបន្តទៀតថា តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមចូលរួមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលជាផ្លែផ្កានាពេលនេះរបស់យុវសិស្សជ័យលាភីទាំងអស់ ដោយគូសបញ្ជាក់ថាសមិទ្ធផលនេះនឹងជំរុញទឹកចិត្តក្មួយៗឱ្យខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឈានទៅដល់កម្រិតកាន់តែខ្ពស់នៅក្នុងវិថីជីវិតសិក្សាគណិតវិទ្យានាពេលខាងមុខ ជាក់ស្តែង គណិតវិទ្យាមិនមែនគ្រាន់តែជាការគិតលេខនោះទេ ថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍនូវបំណិនត្រិះរិះពិចារណាស៊ីជម្រៅ ការដោះស្រាយបញ្ហា និងជំនាញវិភាគបញ្ហា ដែលមានសារៈសំខាន់បំផុតនៅគ្រប់វិស័យ និងសម្រាប់ភាពជោគជ័យក្នុងជីវិត៕រក្សាសិទ្ធដោយ៖សុទ្ធលី