កាលពីពេលថ្មីៗនេះ វីដេអូមួយបានបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំង នៅលើបណ្តាញអ៊ីនធឺណែត នៅពេលដែលវីដេអូនេះបានបង្ហាញពីខណៈពេលនារីកូរ៉េម្នាក់ ដែលធ្វើដំណើរតែម្នាក់ឯង នៅក្នុងប្រទេសវៀតណាម ត្រូវបានបុរសចម្លែកម្នាក់ ធ្វើសកម្មភាពដ៏មិនថ្លៃថ្នូរ បៀតបៀនទៅលើរូបនាង។
ជាក់ស្តែង នៅពេលដែលនារីកូរ៉េរូបនោះ ធ្វើដំណើរតែម្នាក់ឯងនៅទីក្រុង Da Nang នាងបានរកឃើញគ្រួសារមួយ កំពុងរៀបចំជប់លៀងនៅខាងក្រៅ។ ហើយសមាជិកគ្រួសារនោះក៏បានអញ្ជើញនាងមកញ៉ាំអាហារជាមួយពួកគេយ៉ាងរីករាយ ហើយសាកម្ហូបនៅលើតុ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺសកម្មភាពដ៏ហួសចិត្តមួយបានកើតឡើងភ្លាមៗ គឺនៅពេលដែលបុរសម្នាក់បានយកដៃកៀកស្មារបស់នាង បន្ទាប់មកបានស្ទាបច្រមុះ និងថើបមុខរបស់នាងផ្ទាល់ៗតែម្តង។ ក្រោយពីមានសកម្មភាពនឹកស្មានមិនដល់នេះកើតឡើង នារីទេសចរកូរ៉េរូបនេះ បានបង្ហាញអារម្មណ៍ច្របូកច្របល់ និងអៀនខ្មាសយ៉ាងខ្លាំង។
តែយ៉ាងណាមិញ ក្រោយវីដេអូនៃករណីនេះត្រូវបានចែករំលែក អ្នកនិយមលេងអ៊ីនធឺណេត បានរកឃើញអត្តសញ្ញាណរបស់នារីកូរ៉េម្នាក់នេះ។ នាងជាស្រីស្អាតឈ្មោះថា Sintto ដែលមានអ្នក Follow ជាង 261k នៅលើ YouTube និងជាង 64k Followers នៅលើ Instagram ។ ខ្លឹមសារដែលបានបង្ហោះច្រើនបំផុតនៅលើប៉ុស្តិ៍របស់ Sintto គឺនិយាយអំពីការធ្វើដំណើរ ជាពិសេសការធ្វើដំណើរទៅបោះជំរុំ ដែលទទួលបានការមើលច្រើន។
Sintto បច្ចុប្បន្នកំពុងធ្វើការជាតារាម៉ូដែល តារាសម្តែង និងជា YouTuber ។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាងតែងតែបង្ហាញពីដំណើរកម្សាន្តដ៏ប្រណិត៕