Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ​ខ្លាំងៗ​កម្ពុជា ថៃ និង​បរទេស បញ្ចេញថ្វីដៃ​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ ដ៏​ធំ​ផុត​មិន​ធ្លាប់មាន នៅ​កម្ពុជា Khmer-Thai Fight

​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដ៏​ធំ​ផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា Khmer-Thai Fight កាន់តែ​កៀក​ចូលមក​ដល់ ដោយ​សល់​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ​។ នៅពេលនេះ​សមាសភាព​ដៃគូរ​ប្រកួត​សំខាន់ៗ ដែល​សុទ្ធតែជា​ជើង​ខ្លាំង​ឆ្លង​ទ្វីប ក៏បាន​មាន​វត្តមាន​លើ​ទឹកដី​កម្ពុជា​ហើយ​ដែរ​។ ការមកដល់​នៃ​កីឡាករ​បរទេស​ជាច្រើន​រូបនេះ​ត្រូវ​បានទទួល​ការស្វាគមន៍​ពី​សំណាក់​ក្រុមការងារ​របស់​ស្ថានីយ៍ទូរទស្សន៍​ភី​អិន​អិន និង​កំពុង​ត្រៀមខ្លួន​ចូលរួម​កម្មវិធី​សន្និសីទ​សារពត៌មាន​នៅ​ភី​អិន​អិន​ផ្ទាល់​។ នៅពេល​ជាមួយគ្នានេះ គេ​ក៏​ឃើញ​មាន​វត្តមាន​ក្រុមការងារ​រៀបចំ​ការប្រកួត និង​អ្នកសារព័ត៌មាន​មកពី​ស្ថានីយ៍ទូរទស្សន៍​ប៉ុ​ស្ត៍​លេខ​៣​ថៃ​ផងដែរ​។

​លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ថ្លែងថា ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​លំដាប់​ពិភពលោក​ដ៏​កម្រ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រមទាំង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នេះ ធ្វើឡើង​ក្នុង​បំណង​ពង្រឹង​ចំណងមិត្តភាព កម្ពុជា​ថៃ ក៏ដូចជា​ចូលរួម​លើកកម្ពស់​និង​ផ្សព្វផ្សាយ​គុន​ខ្មែរ ឲ្យ​ល្បី​សុះសាយ​ជ្រួតជ្រាប​ទូទាំង​ពិភពលោក​។

​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ​កំពុង​លេចធ្លោ​បំផុត​ប្រចាំឆ្នាំ​២០១៧​ចំនួន​៤​រូប រួមមាន ឃីម ឌី​ម៉ា​, ពេជ្រ ម្ទេសខ្មាំង​, ឡៅ ចិ​ត្រា និង ម៉ឺន សុភា កំពុង​បង្កើន​ការហ្វឹកហាត់​ត្រៀម​បញ្ចេញ​សមត្ថភាព​បង្ហាញ​គុន​ខ្មែរ​ឱ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់ តាមរយៈ​ព្រឹត្តិការណ៍​ប្រដាល់​លំដាប់​អន្តរជាតិ​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា Khmer-Thai Fight ដ៏​កក្រើក​។ តារា​ឆ្នើម​គុន​ខ្មែរ​តំណាង​កម្ពុជា​ទាំង​៤​រូបនេះ នឹងត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​លំដាប់​អន្តរជាតិ​មកពី​២​ទ្វីប ក្នុង​៤​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ (​ស្តា​ត​អូឡាំពិក​) នា​ថ្ងៃ​សៅរ៍ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ ដែល​ទស្សនិកជន​ជាច្រើន​កំពុង​រង់ចាំ​ទស្សនា មិន​ថា​ក្នុង ឬ​ក្រៅប្រទេស​។​

​ជា​អ្នក​ខេត្តកណ្ដាល​វ័យ​២៣​ឆ្នាំ ពេជ្រ ម្ទេសខ្មាំង នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម ជាមួយ​កីឡាករ​មកពី​ប្រទេស​ប្រេ​ស៊ី​ល Jonathan Silva នៅក្នុង​ព្រឹត្តិការណ៍ Khmer-Thai Fight ខាងលើ​។ កីឡាករ​ល្អ​គ្រប់​ក្បាច់​រូបនេះ មានឈ្មោះ​ដើម​ថា ណាត សៀក​និ​ន​។ រូបគេ​ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​តំណាង​កម្ពុជា​ម្នាក់​ក្នុងចំណោម​៤ ដោយសារ​រូបគេ​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​ឆ្នាំ​២០១៦ និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​២០១៧ វិញ្ញាសា​ប្រដាល់សកល​។ បន្ថែម​ពីលើ​នេះ ម្ទេសខ្មាំង ក៏​ជា​ម្ចាស់​ខ្សែក្រវ៉ាត់​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ប្រចាំ​សង្វៀន​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​របស់​ភី​អិន​អិន រួមទាំង​ម្ចាស់​ជើងឯក​ជាច្រើន​ទៀតផង​។​

​ជាមួយគ្នា​នោះ អ្នកលេង​គុន​ខ្មែរ​វ័យក្មេង កងពលតូច​ពិសេស​ឆត្រយោង​៩១១ ឡៅ ចិ​ត្រា មកពី​ខេត្តកំពង់ស្ពឺ ក៏​មិនធម្មតា​ដែរ ព្រោះថា​ប្អូនបង្កើត ឡៅ ចន្ទ្រា វ័យ​ទើប​១៨​ឆ្នាំ​រូបនេះ​ក៏​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​ឆ្នាំ​២០១៦ និង​ជា​ជ័យលាភី​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​២០១៧​វិញ្ញាសា​ប្រដាល់សេរី ថ្វីបើ​ទើប​ចូលប្រឡូក​ក្នុង​ពិភព​ក្បាច់គុន​មរតក​ដូនតា​កម្ពុជា​យើង​រយៈពេល​តិច​ឆ្នាំ​ក្ដី​។ ចិ​ត្រា នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ទល់នឹង​កីឡាករ​មកពី​ប្រទេស​រុស្សី Kazbek Alisultanov​។​

​ដូចគ្នានេះដែរ កីឡាករ​គីឡូ​ធ្ងន់​គ្មាន​គូ​ប្រៀប​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែលមាន​រហស្សនាម​ថា​កណ្តាប់ដៃ​ដែក​បំបែក​សិលា ម៉ឺន សុភា ក៏មាន​សាវតា​ប្រដាល់​មិនធម្មតា​ដែរ​។ អ្នកលេង​គុន​ខ្មែរ​ទម្ងន់​៧១​គីឡូក្រាម​រូបនេះ ទើបតែ​ឈ្នះ​មេដាយប្រាក់​មកពី​ស៊ី​ហ្គេម​២០១៧​លើ​វិញ្ញាសា​ប្រដាល់សេរី ខណៈ​ឆ្នាំ​២០១៦​កន្លងទៅ​រូបគេ​ក៏​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​លើក​ទី​១​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រៀបចំឡើង​រៀងរាល់​២​ឆ្នាំ​ម្ដង ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣​ឱ្យបាន​ល្អប្រសើរ​។ កូនសិស្សលោក ធន់ សុភា វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ផ្ដួល​គូបដិបក្ខ​ឱ្យ​សន្លប់​ចំនួន​៣០​លើក​ក្នុងចំណោម​ការឡើង​សង្វៀន​គុន​ខ្មែរ​៨៧​លើក​របស់គេ​កន្លងមក​។ សុភា នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ជាមួយ​កីឡាករ​មកពី​ប្រទេស​ន័​រវេ​សន៍ Mohammed Khalil​។​

​កាន់តែ​ពិសេស​ទៀត​នោះ​នាគ​ខ្មៅ​ខេត្តបន្ទាយមានជ័យ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​២០១៧ ឃីម ឌី​ម៉ា ដែលជា​និមិត្តរូប​ក្នុង​ដួងចិត្ត​អ្នក​ស្នេហា​គុន​ខ្មែរ​យ៉ាង​លើសលប់​នោះ នឹង​ឡើងមក​សម្ញែង​ឫទ្ធិ​របស់ខ្លួន​លើស​ង្វៀន Khmer-Thai Fight ជា​លើកដំបូង​ដើម្បី​ផ្ដល់​មោទនភាព​ដល់​ជាតិ​ម្ដងទៀត តាំងពី​ដណ្ដើមបាន​មេដាយមាស​ស៊ី​ហ្គេម​២០១៧​ក្នុង​ខែសីហា​មក​។ អ្នក​អភិរក្ស​គុន​ខ្មែរ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ​បានឈ្នះ​ខ្សែក្រវ៉ាត់​ជាច្រើន​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម និង​កាន់តែ​អស្ចារ្យ​នោះ​គឺ​មេដាយមាស​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ថ្មីៗ​នេះ​។ ឌី​ម៉ា នឹងត្រូវ​តតាំង​ជាមួយ​កីឡាករ​មកពី​ប្រទេស​រុស្សី Dmitri Mordvinov​។​

​កីឡាករ​ទាំង​៤​រូបនេះ ពិតណាស់​នឹង​អង្រួន​សង្វៀន Khmer-Thai Fight នៅ​ថ្ងៃទី​២៥​ខែ វិច្ឆិកា​ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​កម្ពុជា​នេះ នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ PNN និង​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ថៃ រួមទាំង​ស្ថានីយទូរទស្សន៍​អន្តរ​ជា​
តិ​មួយចំនួនទៀត​ផងដែរ​។​

​បន្ថែម​ពីនេះ កំពូល​អ្នក​ប្រដាល់​ថៃ​ចំនួន​៤​រូប​រួមមាន Saenchai PK Saenchai Muay Thai Gym, Sudsakorn Sor.Klinmee , P.T.T Petchrungreung , Saensatharn PK Saenchai Muay Thai Gym ក៏ត្រូវ​ប្រឈមមុខ​និង​អ្នក​ប្រដាប់​រំលង​ទ្វីប​ដូចគ្នា​។ នា​យប់​ថ្ងៃ​សៅរ៍​នេះ កំំ​ពូ​ល​អ្នក​ប្រដាល់សេរី​ថៃ​វ័យ​៣៧​ឆ្នាំ Saenchai ត្រូវ​ប្រឈមមុខ​រាជសីហ៍​ទឹកដី​លី​បេ​រី​យ៉ា Arthur Sorsor ខណៈ Sudsakorn ត្រៀម​ស្នៀត​ស្វាគមន៍ Oleksandr Moisa មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​។ កំពូល​កែង​ប្រល័យ​មិន​រើសមុខ P.T.T បើកឆាក​ប្រយុទ្ធ​តទល់​ឥន្ទ្រី​ឆ្លងដែន Gokhan Boran មកពី​ប្រទេស​ទួរគី​។ ឯ​Saensatharn​ប៉ះ Thiago Goularte ខ្លារខិន​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល​៕ ដោយ​៖​កូ​ឡាប​

×