Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤នេះបានឲ្យដឹងថា ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកដល់សាធារណជន និងប្រជាពលរដ្ឋទូទៅឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងឱកាសនៃការធ្វើដំណើរកម្សាន្ត ជួបជុំនៅតាមបណ្តាទីសាធារណៈក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០២៥ ដែលនឹងមកដល់ឆាប់ៗនាពេលខាងមុខ ពាក់ព័ន្ធនឹងករណីចោរលូកហោប៉ៅ ឬកាបូបនៅតាមទីសាធារណៈ។

ករណីចោរលូកហោប៉ៅ ឬកាបូបនៅតាមទីសាធារណៈ គឺជាប្រភេទបទល្មើសបែបប្រពៃណីមួយដែលនៅតែបន្តកើតមានស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក។ គោលដៅចម្បងរបស់ជនល្មើស គឺសាច់ប្រាក់ និងវត្ថុមានតម្លៃនានា របស់ជនរងគ្រោះមានដូចជា គ្រឿងអលង្ការ ទូរសព្ទដៃ ឧបករណ៍មានតម្លៃផ្សេងៗជាដើម។
ការបាត់បង់ទូរសព្ទដៃឆ្លាតវ៉ៃ (Smart Phone ) ឬឧបករណ៍ឌីជីថលផ្សេងៗរបស់ជនរងគ្រោះ នឹងបណ្តាល​ឱ្យជនល្មើសលួចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន លេខសម្ងាត់បណ្តាញសង្គម លេខសម្ងាត់គណនីធនាគារ និងលួចផ្ទេរប្រាក់ចេញតាមគណនីធនាគារ (Banking Apps) ជាដើម ហើយក៏អាចភ្ជាប់អត្តសញ្ញាណរបស់ជនរងគ្រោះទៅនឹងបទល្មើសបច្ចេកវិទ្យាផងដែរ។

១. តើបទល្មើសករណីចោរលូកហោប៉ៅកើតឡើងដោយរបៀបណា?

  • ករណីចោរលូកហោប៉ៅកើតឡើងនៅតាមទីសាធារណៈដែលមានភាពកកកុញ និងចង្អៀតណែន ហើយកើតឡើងចំពោះបុគ្គលដែលកាន់សាច់ប្រាក់តាមខ្លួននៅទីសាធារណៈ។

២. តើធ្វើយ៉ាងដូចម្ដេច ដើម្បីកុំឱ្យក្លាយជាជនរងគ្រោះដោយករណីចោរលូកហោប៉ៅ?

  • កុំបង្ហាញសាច់ប្រាក់ដែលខ្លួនមានក្នុងចំនួនច្រើននៅតាមទីសាធារណៈ
    »» សកម្មភាពនេះអាចទាក់ទាញចំណាប់អារម្មណ៍ពីក្រុមចោរ ដូចនេះ គួរប្រើប្រាស់ជាលក្ខណៈ កាត ATM ជំនួស ពោលគឺជ្រើសរើសប្រតិបត្តិការ​ដោយមិនប្រើប្រាស់​សាច់ប្រា​ក់តា​មដែលអា​ច​​ធ្វើបាន។
  • ករណីចោរលូកហោប៉ៅអាចកើតឡើងនៅពេលមានចំណោមមនុស្សច្រើននៅតាមទីសាធារណៈ
    »»ត្រូវពិនិត្យកាបូបលុយ កាបូបយួរដៃ និងរបស់មានតម្លៃផ្សេងៗ ក្នុងករណីមានមនុស្សប៉ះអ្នក ពេលដែលអ្នកស្ថិតនៅចំណោមមនុស្សច្រើនតាមទីសាធារណៈ
  • ត្រូវប្រុងប្រយ័ត្នចំពោះវិធីបោកប្រាស់ផ្សេងៗ
    នៅពេលអ្នកមានប្រតិបត្តិការនៅតាមបញ្ជរ ឬទូ ATM
  • ត្រូវមានស្មារតីជានិច្ចពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងថែរក្សារបស់របរឱ្យបា​នត្រឹ​ម​ត្រូ​​វ
  • ចៀសវាងបាត់បង់ស្មារតីប្រុងប្រយ័ត្នដោយកាយវិការរំខានណាមួយពីជនមិនស្គាល់អត្តសញ្ញាណ

៣. វិធានការបង្ការខ្លួនពីបទល្មើសករណីចោរលូកហោប៉ៅ៖

  • កុំយកសាច់ប្រាក់មានចំនួនច្រើនតាមខ្លួន
  • ថែរក្សា ទុកដាក់កាបូបលុយនៅក្នុងហោប៉ៅឱ្យបានត្រឹមត្រូវ
  • កាន់កាបូបរបស់អ្នកឱ្យបានជាប់ល្អ និងត្រូវរ៉ូតបិទឱ្យបានត្រឹមត្រូវ
  • ត្រូវដាក់កាបូបនៅផ្នែកខាងមុខខ្លួនអ្នក ធ្វើយ៉ាងណាត្រូវប្រាកដថាអ្នកអាចថែរក្សាវាបាន
  • កុំទុកកាបូបចោលក្នុងកន្ត្រកទំនិញ ឬរទេះរុញទំនិញ

៤. វិធីសាស្ដ្រការពារសុវត្ថិភាពទូរសព្ទឆ្លាតវៃ និងឧបករណ៍ឌីជីថល

  • ត្រូវចាក់សោទូរសព្ទដៃ ឬឧបករណ៍ឌីជីថលរបស់លោកអ្នកជាមួយលេខសម្ងាត់ដែលពិបាកទស្សន៍ទាយ
  • ត្រូវបើកដំណើរការមុខងារលើឧបករណ៍ឌីជីថលដូចជា Find My iPhone ឬ Find My Device ដើម្បីកំណត់ទីតាំង ឬលុបឧបករណ៍របស់អ្នកពីចម្ងាយ
  • ត្រូវបើកមុខងារសុវត្ថិភាពបន្ថែមលើគណនីបណ្តាញសង្គមលោកអ្នកដូចជា Two Factors Authe​n​tic​ation (2FA) ជាដើម
  • ត្រួតពិនិត្យប្រតិបត្តិការគណនីធនាគារ និងគណនីទូទាត់សាច់ប្រាក់អនឡាញរបស់លោកអ្នកជាប្រចាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×