ករណីជនគំនិតអាក្រក់ជិះឡាន ចាក់សាំងមិនឲ្យលុយគេ គឺតែងតែកើតឡើងជារឿយៗមកហើយ ជាពិសេសពីសំណាក់ប្រភេទរថយន្តស៊េរីទំនើបតែម្តង ដែលម្ចាស់មានចរឹកធូរថ្លៃមួយចំនួនតូច។
ជាក់ស្តែង ដូចករណីថ្មីៗនេះជាដើម ដែលរថយន្ត១គ្រឿងប្រភេទស៊េរី Kia ផ្លាកលេខ 2D 8006 បានចូលចាក់សាំងនៅការ៉ាស់សាំងមួយកន្លែង ប៉ុន្តែ បន្ទាប់ពីចាក់រួច ក៏បានដាក់មេប្រូចមិនឲ្យលុយ បើកឡានចាកចេញលឿនស្លេវតែម្តង។
បើតាមបុរសជាបុគ្គលិកចាក់សាំង បានរៀបរាប់ឲ្យដឹងថា ជនគំនិតអាក្រក់នោះ ដែលស្លៀកពាក់យ៉ាងហំ សុទ្ធតែអាវខ្វាសេ ខ្សែក ខ្សែ មិនធម្មតានោះទេ គឺបានមកចាក់ម្តងរួចមកហើយ ប៉ុន្តែ ថ្ងៃនេះប្រហែលដាច់លុយខ្លាំង ឬយ៉ាងណា ក៏បានមកចាក់សាំងម្តងទៀត ជាមួយសកម្មភាពគួរឲ្យសង្ស័យ ដោយបានបិទភ្លើង ប៉ុន្តែ រថយន្តនៅតែបញ្ចេះ។
បុរសអ្នកចាក់សាំងជួបស៊យ បានបន្តថា ដោយសារគិតថា ជាម៉ូយធ្លាប់ចាក់ម្តង និងក៏បានទូទាត់លុយឲ្យត្រឹមត្រូវផងដែរ ជាហេតុធ្វើឲ្យគាត់មិនបានគិតថា ជនរូបនោះជាមនុស្សមានគំនិតខូចទេ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ចាក់សាំងរួចក្នុងតម្លៃ ១៥ ដុល្លារ ក៏ស្រាប់តែដាក់មេប្រូចមិនឲ្យលុយ បើកឡានចាកចាញយ៉ាងលឿនតែម្តង។
ជាមួយគ្នានេះផងដែរ គាត់ក៏សូមផ្តាំទៅដល់បងប្អូនជាអ្នកចាក់សាំងទាំងអស់ដូចគ្នា ជាពិសេសអ្នកធ្វើការវេនយប់ ហើយនៅស្ងាត់តែម្នាក់ឯង សូមមានការប្រុងប្រយ័ត្ន និងចំណាំប្រភេទរថយន្តពាក់ស្លាកលេខ 2D 8006 នេះផង៕