ថ្មីៗនេះ បាតុភូតចម្លែកមួយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលមនុស្សម្នានាំគ្នាទៅឆ្នេរ Uppada ក្នុងស្រុក East Godavari រដ្ឋ Andhra Pradesh (ប្រទេសឥណ្ឌា) ដើម្បីស្វែងរកមាស។
តាមប្រភពព័ត៌មាន way2news បានចុះផ្សាយឲ្យដឹងថា ភាគល្អិតមាសដែលមានពន្លឺចែងចាំង ត្រូវបានបោកបក់នៅលើឆ្នេរខ្សាច់ដោយរលក បង្កើតបានជា “ការប្រមាញ់កំណប់” ទ្រង់ទ្រាយធំ។ មិនត្រឹមតែអ្នកស្រុករកឃើញគ្រាប់មាសតូចៗប៉ុណ្ណោះទេ ពួកគេក៏បានរកឃើញគ្រឿងអលង្ការ ឬមាសធំៗនៅដដែលផងដែរ។
គេបានជឿថា ដោយសារអ្នកស្រុកមានទំនៀមទម្លាប់កប់គ្រាប់មាសតូចៗពេលសង់ផ្ទះ និងប្រាសាទ។ ហេតុនេះ គ្រាប់ធញ្ញជាតិមាសទាំងនេះតែងតែរសាត់ទៅសមុទ្រ នៅពេលដែលសំណង់ត្រូវបានបំផ្លាញ ហើយបន្ទាប់មករសាត់ទៅឆ្នេរសមុទ្រ។
ទោះជាយ៉ាងណា មនុស្សជាច្រើនជឿថា មាសភាគច្រើនដែលរកឃើញនៅលើឆ្នេរនេះ បានមកពីប្រាសាទបុរាណ ដែលបានលិចចូលទៅក្នុងសមុទ្រ ខណៈបានដឹងថា ប្រាសាទបុរាណ និងផ្ទះនៅតំបន់នោះត្រូវរលកបោកបក់ដោយយកមាសទៅជាមួយ អស់ជាច្រើនសតវត្សមកហើយ។
ឥឡូវនេះ នៅពេលណាដែលរលកធំៗ បក់បោកបាតសមុទ្រ ជាពិសេសបន្ទាប់ពីមានព្យុះ នោះដុំមាស និងគ្រឿងអលង្ការ ត្រូវបានរុញត្រឡប់ទៅច្រាំងវិញ។
Surada Raju អាយុ ៥២ ឆ្នាំ មកពីភូមិ Uppada បានឃើញការរបររកមាសជាច្រើន តាំងពីគាត់នៅក្មេង។ គាត់បានរកឃើញវត្ថុមានតម្លៃ១.០០០រូពី (ប្រហែល ១១ ដុល្លារ)។
លោកបន្តថា កន្លងមក មានមនុស្សរហូតដល់ ៣០០ នាក់ ទាំងបុរស និងស្ត្រី បានចូលរួមជីករ៉ែមាសនៅឆ្នេរសមុទ្រ។
ដោយឡែក ការប្រញឹករកមាសនាពេលថ្មីៗនេះ បានចាប់ផ្តើមបន្ទាប់ពីព្យុះស៊ីក្លូន Nivar បានវាយប្រហារឆ្នេរសមុទ្រ Uppada ក្នុងខែវិច្ឆិកា។ អ្នកនេសាទក្នុងស្រុក គឺជាមនុស្សដំបូងគេដែលរកឃើញ “កំណប់” នេះ។
ចាប់តាំងពីពេលនោះមក ព័ត៌មានអំពីកំណប់បានរីករាលដាល ទាក់ទាញអ្នកស្រុក និងអ្នកទេសចរមកពីតំបន់ផ្សេងៗ ឱ្យមកទីនេះដើម្បីស្វែងរកមាស។ ទិដ្ឋភាពនៃមនុស្សកកកុញស្វែងរកមាសក្រោមពន្លឺព្រះអាទិត្យ បានក្លាយជារូបភាពធម្មតានៃឆ្នេរ Uppada ក្នុងពេលថ្មីៗនេះ។
ទោះជាយ៉ាងណា មនុស្សមួយចំនួនជំទាស់នឹងការរែងខ្សាច់យកមាស និងវត្ថុមានតម្លៃផ្សេងទៀត ដោយមានជំនឿថា វានាំសំណាងអាក្រក់ដល់ភូមិ៕