ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍អូស្ត្រាលី នៅទីស្តីការក្រសួង នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមបានកោតសរសើរដល់ជ័យលាភីទាំង ៣៨ រូប ដែលបានទទួលអាហារូបករណ៍នេះ និងសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សនៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានទឹកចិត្តឱ្យជ័យលាភីទាំងអស់ ត្រឡប់មកកម្ពុជាវិញ ក្រោយបញ្ចប់ការសិក្សា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ
ប្រទេស។
ឯកឧត្តមបានណែនាំថា៖ “គោលដៅរបស់ប្អូនៗគួរតែ ‘បម្រើ និងតបស្នងជាតិមាតុភូមិ’ ទោះក្នុងទម្រង់ណាក៏ដោយ (មិនថាក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន ឬអង្គការមិនមែនរដ្ឋាភិបាលទេ) ដើម្បីបង្កើតផលសាយភាយ (Multiplier effect) នៃការរួមចំណែករបស់ប្អូនៗ។ ហើយសូមចងចាំថា ប្អូនៗមានរាជរដ្ឋាភិបាល មានប្រជាជន និងប្រទេសជាតិនេះ ដែលកំពុងរង់ចាំការចូលរួមចំណែករបស់ប្អូនៗ។”
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅបន្តការសិក្សាលើមុខជំនាញផ្សេងៗជាច្រើន ហើយឆ្នាំនេះគឺជាខួបទី៣០ នៃកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា។ រហូតមកដល់ពេលនេះ កម្មវិធីអាហារូបករណ៍អូស្ត្រាលីបានផ្តល់ឱកាសដល់និស្សិតកម្ពុជាជាង ១.០០០នាក់ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី៕ រក្សាសិទ្ធដោយ៖សុទ្ធលី