Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការ នគរបាល​ស្រុក​រតនមណ្ឌល ព្រម​ក្អួត​លុយ ដែល​ចាប់ជំរិត ពី​ប្រជាកសិករ​ក្រីក្រ ជូន​ទៅ​ប្រជាកសិករ​រងគ្រោះ​វិញ​ហើយ​

​បាត់ដំបង​៖ ក្ដៅៗ​ពី​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក សន និល អធិការ នគរបាល​ស្រុក​រតនមណ្ឌល បាន​យល់ព្រម ក្អួត​លុយ​ដែល​ចាប់ជំរិត ពី​ប្រជាកសិករ​ក្រីក្រ ជូន​ទៅ​ប្រជាកសិករ​រងគ្រោះ​វិញ​ហើយ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ផែង វណ្ណៈ ជា​មន្ត្រី​យោធា និង​អ្នកលេង​ហ្វេ​សប៊ុក​។ លោក ផែង វណ្ណៈ បាន​និយាយ​ក្នុងផេក​ហ្វេស​ប៊ុក​នៅ​រសៀល​ថ្ងៃ​ទី​២៧​ខែ​សីហា​នេះ​ថា សង​លុយ​ហើយ​ត្រូវ​ចាប់ សន និល បញ្ជូនទៅ​តុលាការ​ទៀត ទើប​ត្រឹមត្រូវ​មិន​ត្រូវ​ឲ្យ​រួច​ខ្លួន​ទេ​។​

​បន្ទាប់ពី​មាន​ការ​បែកធ្លាយ​រឿងអាស្រូវ របស់​លោក​អធិការ​ស្រុក​រតនមណ្ឌល និង​មន្ត្រីក្រោមឱវាទ​ជំរិត​ទារលុយ ពី​បុរស​ម្នាក់​ចំនួន​១២០០​ដុល្លារ ដើម្បី​បិទ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧ សីហា នេះ លោក​សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល បានសម្រេច​ប្រមូល​លុយ​ទាំងអស់ យកទៅ​ប្រគល់ជូន​ឪពុក​ជនរងគ្រោះ​វិញ​គ្រប់​ចំនួន​ហើយ ។​

​លោក​បន្តថា ចំពោះ​វិធានការណ៍​បែបណា ចំពោះ​លោក​ចោរ​ស្របច្បាប់​នេះ សូម​រង់ចាំ​តាមដាន​បន្ត​ទៀត ព្រោះ​ករណីនេះ ជា​ករណី​មន្ត្រី​ប្រើ​អំណាច ចាប់​រាស្ត្រ​ស្លូតត្រង់ ជំរិត​យក​លុយ​ស្រស់ៗ មិន​ត្រូវ​ឲ្យ​សង​លុយ​ហើយ​រួចខ្លួន​នោះ​ទេ ថ្នាក់ដឹកនាំ​ត្រូវតែ​ចាត់​វិធានការ​ច្បាប់ ឲ្យបាន​តឹងរ៉ឹង​ចំពោះ​លោក អធិការ សន និល រូបនេះ ។​

​សូមបញ្ជាក់​ថា ជូន​លោក​វរសេនីយ៍ឯក សន និល អធិការ នគរបាល​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង​។ សូម​លោក​អធិការ​យកលុយ​ដែល​លោក​ប្រើ​អំណាច ចាប់​ប្រជាកសិករ​ក្រីក្រ​គ្មាន​កំហុស​ជំរិត​ទារលុយ ១២០០ ដុល្លារ មកឲ្យ​ប្រជាកសិក​រវិញ ។ លោក​មិន​អាច​លេប​លុយ​រាស្ត្រ​ក្រីក្រ​ដែល​គ្មាន​កំហុស​បានទេ ។ លោក​មាន​ដឹង​ទេ នៅពេលដែល​លោក​ជំរិត​ទារលុយ​គាត់​ជា​ថ្នូរ នឹង​ការដោះលែង​កូន​គាត់​មក​វិញ ដែល​កូន​គាត់​គ្មាន​កំហុស​អ្វី​សោះ​នោះ គ្រួសារ​កសិករ​ក្រីក្រ​រូបនោះ បាន​ដើរ​ខ្ចីបុល​លុយ​គេ​ពេញ​ភូមិ ដើម្បី​យក​មក​ឲ្យ​លោកតាម​ការគំរាមកំហែ​ង ។ ដូច្នេះ​លោក​ត្រូវតែ​យក​លុយ​ដែល​លោក​ជំរិត ពី​ជនរងគ្រោះ​យក​មក​សង​ជនរងគ្រោះ​វិញ ឲ្យបាន​គ្រប់​ចំនួន ។ បើ​មិន​ដូច្នេះ​ទេ យើងខ្ញុំ​នឹង​តស៊ូ​មតិ រហូត​ទាល់តែ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង អគ្គស្នងការ​នគរបាល​ជាតិ មាន​វិធានការណ៍​ជាក់លាក់ ចំពោះ​លោក​អធិការ សន និល ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​វិញ ។ សូម​គោរព​ស្នើសុំ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មាន​វិធានការណ៍​ចំពោះ​បុគ្គល សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ផង ។​

​លោក​បាន​បន្ថែមថា រាស្ត្រ​រងគ្រោះ​នៅ​ស្រុក​រតនមណ្ឌល​ចោទ​លោក សន និល អធិការ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ថា​បាន​ជំរិត​យក​លុយ​គាត់ ១.២០០ ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​កូន​គាត់ ដែល​គ្មាន​កំហុស​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។ ប៉ុន្តែ​លោក សន និល បាន​បដិសេធថា គាត់​មិន​បាន​យក ១.២០០ ដុល្លារ​ទេ គាត់ ( សន និល ) ទទួលបាន​តែ ៣ លាន​រៀល ទេ ។ ហេ ហេ ហេ កុំ​ថា​ឡើយ​លោក​សារភាព​ថា​ទទួលបាន ៣ លាន​រៀល ទោះបី​ទទួលបាន ១០០ រៀល ក៏​មាន​ទោស​ដែរ គឺ​បទ​ប្រើប្រាស់​តួនាទី​ចាប់​រាស្ត្រ​ជំរឹត​យកលុយ ។​

​បន្ទាប់ពី​មាន​ការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​របស់​លោក​អធិការ​ស្រុក​រតនមណ្ឌល និង​មន្ត្រីក្រោមឱវាទ​ជំរិត​ទារលុយ​ពី​បុរស​ម្នាក់​ចំនួន​១.២០០​ដុល្លារ ដើម្បី​បិទ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧ សីហា នេះ លោក​សន និល អធិការនគរបាល​ស្រុក​រតនៈមណ្ឌល បានសម្រេច​ប្រមូល​លុយ​ទាំងអស់ យកទៅ​ប្រគល់ជូន​ឪពុក​ជនរងគ្រោះ​វិញ​គ្រប់​ចំនួន​ហើយ ។​

​លោក សន និល បាន​ទទួលស្គាល់​នូវ​កំហុសឆ្គង ក្នុង​ការអនុវត្ត​នីតិ​វិធី តែ​ពេល​នេះ លោក​បាន​ធ្វើ​ការសម្របសម្រួល ជាមួយ​ជនរងគ្រោះ តាម​ការណែនាំ​របស់​លោក​ស្នងការ​ខេត្ត ។ លោក​បាន​បញ្ជាក់ថា ពេលនេះ​លោក​បាន​ប្រគល់​លុយ​ទៅ​ជូន​ជនរងគ្រោះ​វិញ​គ្រប់​ចំនួន​ហើយ ។ ជាមួយនឹង​ការប្រគល់​លុយ​នេះ ឪពុក​ជនរងគ្រោះ គឺ​លោក​លី រុន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល បាន​និយាយថា លោក​សូម​អរគុណ ដែល​លោក​អធិការ​បាន​ប្រគល់​លុយ​ឱ្យ​លោក​វិញ ខណៈ​ដែល​លោក​កំពុង​ប្រឈម​នឹង​លុយ​បំណុល​នេះ ។ លោក​បាន​ទទួល​លុយ​គ្រប់​ចំនួន​ហើយ គឺ​ចំនួន​៤,៨០​លាន​រៀល ស្មើនឹង​១២០០​ដុល្លារ ហើយ​លោក​ក៏​ព្រមព្រៀង​បញ្ចប់​រឿងនេះ មិន​ប្ដឹងប្ដល់​អ្វី​ទៀត​ដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×