Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម​យន្ត មីន ណែនាំ​ដល់​រដ្ឋបាល​សង្កាត់ ជាពិសេស​ចៅសង្កាត់​ផ្ទាល់​ឲ្យ​ចាត់ចែង​ទម្រង់​ការងារ​ជា​កញ្ចប់ ចៀសវាង​ក្តោប​ការងារ​តែ​ម្នាក់ឯង​

​ខេត្ត​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន បាន​ណែនាំ​ដល់​រដ្ឋបាល​សង្កាត់​ទាំងអស់ ក្នុង​ក្រុង​ព្រះសីហនុ ជាពិសេស​ចៅសង្កាត់​ផ្ទាល់​ឲ្យ​ចាត់ចែង​ទម្រង់​ការងារ​ជា​កញ្ចប់ ជៀសវាង​ក្តោប​ការងារ​តែ​ម្នាក់ឯង នាំ​ឲ្យ​រាំងស្ទះ​ដល់​ការងារ​ជួយ​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ពន្យល់ថា ចៅសង្កាត់​នីមួយៗ ត្រូវ​បែងចែក​ការងារ​ទទួលខុសត្រូវ ទៅ​ដល់​ចៅសង្កាត់​រង ឬ​ក្រុមប្រឹក្សា​សង្កាត់ ដោយ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​មួយរូបៗ​មាន​ការទទួលខុសត្រូវ ចុះ​ជួយ​តាម​ភូមិ ដោយ​ទទួល​ជា​ផ្នែកៗ​ដូចជា​៖ មន្ត្រី​ខ្លះ​ឲ្យទទួល​មើល​ការខុសត្រូ​វខាង​សំរាម មន្ត្រី​ខ្លះ​ឲ្យទទួល​មើល​ការខុសត្រូ​វខាង​ផ្លូវ ឬ​ខាង​សន្តិសុខ​ជាដើម ដើម្បី​រដ្ឋបាល​សង្កាត់​ឆាប់​ទទួលបាន​ព័ត៌មាន​សម្រាប់​រាយការណ៍​ជាបន្ទាន់ ទៅ​អភិបាល​ក្រុង ឬ​ថ្នាក់ដឹកនាំ​បន្ទាប់ ដើម្បី​ឈាន​ទៅ​មាន​វិធានការ​ចុះ ជួយ​ដោះស្រាយ​អ្វី ដែល​ចាំបាច់​ចំពោះមុខ អ្វី​ដែល​ត្រូវ​ដោះស្រាយ​បន្ទាប់​។ ផ្តើម​ពី​បញ្ហា​នេះ ឯកឧត្តម យន្ត មីន រំពឹងថា នៅពេល​ដែល​រដ្ឋបាល​សង្កាត់​នីមួយៗ អនុវត្តន៍​យន្តការ​នេះ ហើយ​មន្ត្រី​ត្រូវ​ចុះ​ប្រចាំ​តាម​ភូមិ ដោយ​មិន​ប្រមូលផ្តុំ​គ្នា​តែ​នៅក្នុង​សាលា​សង្កាត់ គឺ​បញ្ហា ឬ​កង្វល់​ខ្លះ អាច​នឹង​ធ្វើ​ការដោះស្រាយ​បាន​លឿន​។​

ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ឲ្យដឹង​ដូច្នេះ ធ្វើឡើង​កាលពី រសៀល​ថ្ងៃ​២៦ ខែ​សីហា ឆ្នាំ​២០១៨ នា​ឱកាស​ដឹកនាំ​មន្ត្រី​ចុះ​តាម​មូលដ្ឋាន​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

សកម្មភាព របស់​ឯកឧត្តម យន្ត មីន ចុះ​មូលដ្ឋាន​ពេលនេះ ស្រប​ពេល​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​មក​ថា មាន​មន្ត្រី​ភូមិ និង​សង្កាត់​ខ្លះ​មិន​ទាន់​ស្គាល់​អស់​ពី​ភូមិសាស្ត្រ​នៅក្នុង​មូលដ្ឋាន របស់ខ្លួន ដែល​ទទួលខុសត្រូវ​នៅ​ឡើយ​ទេ​…៕ ដោយ​៖ ដែន សីមា​

 

×