ខេត្តព្រៃវែង : កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី 27 ធ្នូ បានបើកប្រតិបត្តិការចុះសាវជ្រាវនិងបង្ក្រាបមុខសញ្ញាក្រុមចាប់ជម្រិតមួយក្រុម រហូតឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យ មានមនុស្សចំនួន 2នាក់ បានរងរបួសធ្ងន់និងស្រាល។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 1 ត្រង់ចំណុចភូមិ 3 ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយ ក្រុមសមត្ថកិច្ចដែលពាក់ឈុតស៊ីវិល មានគ្នាចំនួន 7 នាក់ ប្រើប្រាស់រថយន្ត២គ្រឿង បានព្យាយាមស្ទាក់ឃាត់រថយន្តស្តារិចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS 0374 ប៉ុន្តែរថយន្តនោះមិនព្រមឈប់ ទើបកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ បានបាញ់រះទៅលើរថយន្តនោះជា ច្រើនគ្រាប់ បណ្ដាលឲ្យរថយន្តបែកកង់៣គ្រាប់ទៅមុខលែងរួច និងបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះយ៉ាងខ្លាំង។
យោងតាមការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្ត ព្រៃវែង កាលពីថ្ងៃទី 28 ធ្នូ បានឲ្យដឹងថា កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន 7នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋានព្រហ្មទណ្ឌ បានចុះស៊ើបអង្កេតស្រាវជ្រាវនិងបង្ក្រាបករណីចាប់ជំរិត ដែលបានកើតឡើងនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ពេលទៅដល់ទីរួមខេត្តស្វាយរៀង បានពើបប្រទះឃើញរថយន្តមួយគ្រឿង ដែលមានភិនភាគដូចនឹងរថយន្តរបស់ជនល្មើស ដែលបណ្ដាញសម្ងាត់បានរាយការណ៍ជូន កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិច ទើបកម្លាំងនាយកដ្ឋាន បានដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុក្នុងភូមិ៣ ឃុំប្រាសាទ ស្រុកកំពុងត្របែក ខេត្តព្រៃវែង ទើបធ្វើការស្ទាក់ឃាត់រថយន្តនេះបាន ហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ច 4 ទៅ 5 នាក់ បានចុះទៅឃាត់ស្រែកបញ្ជាឲ្យមនុស្សក្នុងរថយន្ត ចុះចេញពីរថយន្ត ប៉ុន្តែអ្នកបើកបររថយន្ត បានព្យាយាមបើករថយន្តរត់គេចទៀត ទើបកម្លាំងសមត្ថកិច្ចធ្វើការផ្ទុះអាវុធដោយបាញ់រះទៅលើរថយន្តនោះ ក្នុងបំណងដើម្បីបញ្ឈប់កុំឲ្យរថយន្តទៅមុខបាន។
ទោះជាយ៉ាងណាក៏ដោយ ការបាញ់សន្ធាប់ទៅលើរថយន្តស្តារ៉ិចនេះ បានបណ្ដាលឲ្យផ្លាតគ្រាប់ទៅត្រូវបុរសម្នាក់ឈ្មោះ ថន ឡាញ់ អាយុ២៥ឆ្នាំ ដែលកំពុងអង្គុយក្នុងផ្ទះ ត្រង់ចង្កេះផ្នែកខាងក្រោយ បណ្ដាលអោយរងរបួសធ្ងន់ និងបុរសម្នាក់ទៀតដែលជិះក្នុងរថយន្តឈ្មោះ ខាត់ ហួន អាយុ 62 ឆ្នាំ ត្រូវម្រាមដៃខាងឆ្វេងរងរបួស ស្រាល។
ក្រោយកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ភ្លាមៗកម្លាំងនគរបាលស្រុកកំពុងត្របែក ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដោយបាននាំខ្លួនកម្លាំងនគរបាលទាំង 7 នាក់ដែលបានផ្ទុះអាវុធ ទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពុងត្របែកភ្លាមៗ និងបានបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាល។
ដោយឡែក វត្ថុតាងដែលសមត្ថកិច្ចនគរបាលស្រុកកំពង់ត្របែកប្រមូលបាននៅកន្លែងកើតហេតុរួមមាន កាំភ្លើងខ្លីម៉ាកឡុក 19 ពណ៌ខ្មៅមួយដើម មានគ្រាប់ចំនួន 4 គ្រាប់ កាំភ្លើងខ្លីម៉ាក់ឡុក 17 ពណ៌ត្រេអ៊ីមួយដើមមានគ្រាប់ចំនួន 16 គ្រាប់( កាំភ្លើងរបស់កម្លាំងនាយកដ្ឋាន ) និងសំបកឡតគ្រាប់កាំភ្លើងចំនួន 21 គ្រាប់។
ដោយឡែក តាមការឆ្លើយបំភ្លឺរបស់អ្នកបើករថយន្តស្តារិច មកកាន់សមត្ថកិច្ចបានឲ្យដឹងថា រូបគេជាអ្នកបើកតាក់ស៊ី ហើយមុនពេលកើតហេតុនោះរូបគេកំពុកដឹកក្មេងម្នាក់ដែលរបួសបាក់ដៃ ត្រូវម្ដាយឪពុកនាំទៅព្យាបាលនៅរាជធានីភ្នំពេញ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត២គ្រឿងមកកាក់បិទពីមុខពីក្រោយ បន្ទាប់មកមានមនុស្ស4 ទៅ 5 នាក់មកគោះទ្វារបញ្ជាឲ្យចុះពីរថយន្ត រូបគេភ័យពេក មិនដឹងជាក្រុមខាងណា ខ្លាចគេធ្វើបាប ទើបបើករថយន្តរត់គេចចេញ ហើយក៏ត្រូវគេបាញ់សន្ធាប់ជាច្រើនគ្រាប់បណ្ដាលឲ្យរថយន្តបែកកង់ទៅមុខលែងរួចតែម្ដង។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវដ៏កក្រើកមួយនេះ កម្លាំងជំនាញនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលស្គាល់ថាខ្លួនមានកំហុស ដែលចុះបង្ក្រាបច្រឡំ ហើយបានទទួលខុសត្រូវទាំងស្រុងលើកំហុសមួយនេះ ដោយព្រមចេញថ្លៃព្យាបាលទាំងអស់លើជនរងគ្រោះ និងសងថ្លៃខូចខាតរថយន្តដែលត្រូវបាញ់ផងដែរ៕ រក្សាសិទ្ធដោយ៖ សុំ សុវណ្ណគីរីព្រៃវែង