កំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា សង្ឃឹមក្មួយៗក្រោយពេលចេញពីពន្ធនាគារ ក្មួយៗនឹងភ្ញាក់ខ្លួន ហើយនិងធ្វើខ្លួនអោយក្លាយជាពលរដ្ឋល្អសំរាប់សង្គមជាតិយើង នេះជាមេរៀនជីវិតសំរាប់ចងចាំថាអ្វីគួរធ្វើហើយអ្វីមិនគួរធ្វើ ហើយក្មួយៗដែលមានសិទ្ធសេរីភាពក្នុងការរស់នៅគួរគប្បីជៀសអោយឆ្ងាយពីអ្វីដែលសង្គមមិនអាចទទួលយកបាន ។
លោកទេព តារ៉ុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យឈ្មោះ សុខ ម៉ុករីម ហៅ ជីម, ងិន ភេទប្រុស កើតថ្ងៃទី០១ ខែមិនា ឆ្នាំ២០០៩ (អាយុ ១៥ឆ្នាំ) ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ កម្រិតវប្បធម៌ថ្នាក់ទី៨ ទីកន្លែងកំណើតនៅភូមិផ្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិ ផ្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត និងឈ្មោះគូក សំរ៉ុង ភេទប្រុស អាយុ១៨ ឆ្នាំ (កើតថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៦) ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ សិស្ស កម្រិតវប្បធម៌ថ្នាក់ទី១១ មានទីកន្លែងកំណើតនៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្ត កំពត មានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។
ហេតុដូច្នេះបង្គាប់
១-បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សុខ ម៉ុករីម ហៅ ជឹម, ងិននិងឈ្មោះគូក សំរ៉ុង ដែលមានអត្តសញ្ញាណដូចខាងលើ ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់ ។
២-បង្គាប់ឱ្យ ប្រធានពន្ធនាគារខេត្តកំពត ទទួលយកជននេះ និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មី សម្រេចផ្សេងពីនេះ ។
៣-បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់នៅពេលត្រូវបានបង្ហាញដីកានេះ ត្រូវសហការអនុវត្តឱ្យបានល្អនៅក្នុងករណីចាំបាច់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី