ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបក្នុងការរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងអំឡុងពេលនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុបក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចំបងៗដូចជា ការកាត់ បន្ថយភាពក្រីក្រ ការថែទាំសុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់ សង្គមប្រកបដោយបរិយាបន្ននិងវិបុលភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប ជាពិសេសតាមរយៈការ ប្រាស្រ័យទាក់ទងដ៏សកម្មជាមួយស្ថាប័ននានារបស់កម្ពុជា និងបានសម្តែងនូវអំណរគុណដ៏ស្មោះ ដល់សហភាពអឺរ៉ុបដែលបានបន្ស៊ីយុទ្ធសាស្ត្ររួមរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយនឹងអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៤០* របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតគោលបំណងឆ្ពោះទៅការសម្រេចនូវកំណើនប្រកបដោយចីរភាព និងបរិយាបន្ន និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងទំនាក់ទំនងនយោបាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំ កម្ពុជា និងសហភាពអឺរ៉ុប ដូចដែលកើតមានឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានពង្រឹងភាពជាដៃគូ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។ លើការផ្លាស់ប្តូរយោបល់ពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់នីតិរដ្ឋ ដូចដែលបាន កំណត់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមាន ដោយមានគោលដៅលើកកម្ពស់លំហប្រជាធិ- បតេយ្យ ដើម្បីផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់ប្រជាជនកម្ពុជា។
ការពិភាក្សាក៏បានផ្តោតលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី