រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវពង្រឹងកិច្ចប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស គ្រឿងញៀន អំពើជួញដូរមនុស្ស អាជីវកម្ម និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ រួមទាំងសកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ក៏ត្រូវបានធ្វើការបង្ក្រាបយ៉ាងសកម្មផុលផុស ។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា គោលបំណងសំខាន់ នៃការរៀបចំសន្និបាតនេះ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ស្ថានការណ៍សន្តិសុខសង្គម និងវាយតម្លៃលទ្ធផលការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឆ្នាំ២០២៤កន្លងទៅ សំដៅដកស្រង់នូវបទពិសោធន៍រកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារ ដែលជាមូលដ្ឋានក្នុងការលើកម្ពស់ប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២៥ ឲ្យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបន្តថាផ្អែកតាមកម្មវិធីរបៀបវារៈដែលបានគ្រោងទុកអង្គសន្និបាតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ ដែលមានការធ្វើបទបង្ហាញសង្ខេបពាក់ព័ន្ធសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ព្រមទាំងកិច្ចពិភាក្សាលើ ប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖
*ប្រធានបទទី១៖ គឺការងារប្រយុទ្ធប្រឆាំងបទល្មើស ដោយផ្ដោតលើចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងវិធានការដោះស្រាយនាពេលខាងមុខ ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា
*ប្រធានបទទី២៖ គឺការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយផ្ដោតលើ Scammed Online, Game Online អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ អំពើឆបោកគ្រប់ទម្រង់
*ប្រធានបទទី៣៖ គឺការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ការដាក់ចេញនូវប្រធានបទទាំង៣នេះ គឺដើម្បីប្រមូលនូវបទពិសោធន៍ល្អៗ ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពក្មេងទំនើងតាមរយៈការធ្វើបទបង្ហាញ និងបទអន្តរាគមន៍របស់វាគ្មិន ដែលជាអគ្គស្នងការរងទទួលផែនជំនាញ និងស្នងការនគរបាលរាជធានី-ខេត្តមួយចំនួន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត គំនិត ប្រាជ្ញ ស្មារតីបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។ ជាក់ស្តែងផ្អែកលើការតាមដានលើរបាយការណ៍ជាប់ជាប្រចាំ បានពិនិត្យឃើញថា បទល្មើសព្រហ្មទណ្ឌជារួមឆ្នាំនេះ មានការថយចុះគួរឲ្យកត់សម្គាល់។ ទន្ទឹមនោះកិច្ចប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស គ្រឿងញៀន អំពើជួញដូរមនុស្ស អាជីវកម្ម និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ រួមទាំងសកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ក៏ត្រូវបានធ្វើការបង្ក្រាបយ៉ាងសកម្មផុលផុស ស្របពេលដែលស្ថានភាព សណ្តាប់ធ្នាប់ចរាចរណ៍មានលក្ខណៈល្អប្រសើរជាងមុន៕ រក្សាសិទ្ធដោយ៖សុទ្ធលី