ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ បានបង្ហាញនូវកម្រងរូបភាពដ៏ស្រស់ស្អាតនៃការរៀបចំតុបតែងលម្អ ភ្លើងបំភ្លឺ រួមជាមួយនឹងស្នាមញញឹមមហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវទេសចរបានទៅកំសាន្តមុនមួយថ្ងៃ នៃកម្មវិធី “សាទរកម្ពុជា” ដែលនឹងមកដល់ចាប់ពីរសៀលថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ តទៅ រហូតដល់ឆ្លងឆ្នាំថ្មី ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ “សាទរកម្ពុជា“ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសាលារដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះ ដើម្បីផ្តល់នូវការសប្បាយរីករាយ សាកល្បងនៅល្បែងកំសាន្តខ្មែរជាច្រើនប្រភេទ ស្វែងយល់ពីវប្បធម៌បូរាណ និងសម័យ ពិសេសក្បួនដង្ហែរដ៏ធំផងដែរ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ពោរពេញទៅដោយសិល្បៈ វប្បធម៌ ទាំងបុរាណ និងសហសម័យ រួមបញ្ចូលគ្នា ដើម្បីអបអរសាទរដល់ដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ។
ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ។
ការត្រៀមលក្ខណ: ការរៀបចំតុបតែងលម្អ ការហាត់សម និងផែនការផ្សេងៗត្រូវបានរៀបចំរួចរាល់ ដើម្បីនឹងសម្តែង តាំងបង្ហាញ ក៏ដូចជាបង្កការសប្បាយរីករាយជូនបងប្អូន អ៊ំពូមីង តាយាយមហាគ្រួសារខ្មែរ និងភ្ញៀវជាតិ និងអន្តរជាតិ ទស្សនាកំសាន្ត និងស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ព្រមទាំងសាទរជាមួយនឹងសមិទ្ធផលជាច្រើនរបស់កម្ពុជា។
សូមអញ្ជើញបងប្អូន អ៊ំពូមីង តាយាយ អញ្ជើញទៅទស្សនាកំសាន្តជាមួយនឹងកម្មវិធីសាទរកម្ពុជា ដែលនឹងប្រារព្វធ្វើនៅថ្ងៃនេះ នៅមុខព្រះបរមរាជវាំង រហូតដល់ថ្ងៃថ្មី ឆ្នាំថ្មី ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី