ភ្នំពេញ ៖ បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទិងអបអរសាទរនៅព្រឹកថ្ងៃទី០៧ មករាឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក និងមហាជនចូលរួមជាង២ម៉ឺននាក់។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរក្នុងពិធីនេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ធ្នូ២០២៤នេះ នៅសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំពិធី បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ជារឿងសំខាន់បំផុត ដែលអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចរបស់យើងត្រូវយកចិត្តទុកដាក់ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីនេះប្រព្រឹត្តទៅបានរលូននិងប្រកបដោយជោគជ័យ។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា យើងជាមន្ត្រីដែលចូលរួមក្នុងពិធីនេះត្រូវតែមានវិន័យល្អ ។ យើងជាមន្ត្រីឬកងកម្លាំងម្នាក់ដែលចូលរួមក្នុងពិធីនេះម្នាក់ គឺជាអ្នកថែរក្សាសន្តិសុខម្នាក់ ដោយត្រូវចាប់អារម្មណ៍ខ្លាំងទៅលើបញ្ហាសន្តិសុខ បើទោះបីប្រទេសជាតិយើងមានសន្តិភាពពេញលេញក៏ដោយ។
ឯកឧត្ដមអភិបាលរាជធានីបានបន្តទៀតថា៖ ទិវាជ័យជម្នះ ៧មករា គឺជាទិវាបុណ្យជាតិ ក្នុងនាមអាជ្ញាធរ ត្រូវបំផុសប្រជាពលរដ្ឋឲ្យចងទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានល្អ។
ពាក់ព័ន្ធនឹងសន្តិសុខនេះដែរ ឯកឧត្ដមឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវគិតពីចំណុចខ្ពស់ ចាប់ពីថ្ងៃនេះតទៅ។ ពិសេសនាយប់ថ្ងៃ៣១ធ្នូ២០២៤មានព្រឹត្តតិការណ៌«សាទរកម្ពុជា»ហើយនៅវេលាយប់ថ្ងៃទី១មករាឆ្នាំ២០២៥ក្រោយឆ្លងឆ្នាំរួច ពោលគឺចប់ពិធីភ្លាមប្រជាពលរដ្ឋ ដែលដើរលេងកំសាន្តនឹងខ្លះចុះពីលើអគារខ្ពស់ៗព្រមៗគ្នាដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ ដូច្នេះកងកម្លាំងនិងអាជ្ញាធរយើងត្រូវសម្រួលចររាចរណ៍ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពជូនពួកគាត់អោយបានល្អបំផុត។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា៖ សម្រាប់សកម្មភាពក្មេងទំនើងវិញ នៅតែកើតមាននៅឡើយទេដូច្នេះនៅចប់ពីបុណ្យឆ្លងឆ្នាំសកលនេះទៅ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រជុំគណបញ្ជាការឯកភាពខណ្ឌ ដើម្បីរកវិធីសាស្ត្របង្ក្រាបក្មេងទំនើងទាំងនេះឲ្យដល់ឬគល់ ដោយចាប់ផ្ដើមអនុវត្តពីថ្នាក់ភូមិ សង្កាត់ ព្រោះថាប្រធានភូមិ ចៅសង្កាត់នេះហើយ ជាអ្នកនៅកៀកគិតជាមួយប្រជាពលរដ្ឋ ជាអ្នកដឹងព័ត៌មានពីក្រុមក្មេងទំនឿងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលយើងនឹងអាចបង្ក្រាបក្រុមនេះឲ្យដល់ឬសគល់តែម្ដង។
ក្នុងឱកាសនោះដែរឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានថ្លែងកោតសរសើរដល់អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងមានសមត្ថកិច្ចយើងទាំងអស់ ដែលយកអស់កំលាំងកាយចិត្តរួមសហការគ្នាការពាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យបានល្អប្រសើរនាថ្ងៃ២៩ធ្នូ២០២៤ ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាពហុកីឡាដ្ឋានជាតិមរតកតេជោ៕ រក្សាសិទ្ធដោយ៖សុទ្ធលី