Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​បង្ហោះ និង​ចែករំលែក​វិញ្ញាសារ និង​អត្រាកំណែ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​ដំណើរ​ប្រព្រឹត្ដទៅ នៃ​ការប្រឡង​

​ភ្នំពេញ​ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ការ​បង្ហោះ​វិញ្ញាសា និង​អត្រាកំណែ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ថ្ងៃទី ២០ សីហា ២០១៨​។ ក្រសួង​អប់រំ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់ ចំពោះ​ម្ចាស់​ទំព័រ Facebook ទាំងឡាយណា ដែល​បន្ត​បង្ហោះ​វិញ្ញាសា និង​អត្រាកំណែ​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨​នេះ​។ ជាមួយគ្នា​នោះ​ដែរ ដំណើរការ​កំណែ​លើ​សន្លឹក​កិច្ចការ​បេក្ខជន នៅតែ​បន្ត​នៅតាម​មណ្ឌល​កំណែ​ទាំង​១០ ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា នា​ពេល​ថ្មីៗ​នេះ មាន​ទំព័រ​បណ្ដាញ​សង្គម Facebook និង​អ្នកប្រើប្រាស់​គណនី​ឯកជន​មួយ​ចំនួន បាន​បង្ហោះ ចែករំលែក​វិញ្ញាសា និង​អត្រាកំណែ​មុខវិជ្ជា​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នៃ​សម័យ​ប្រឡង​កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ២០១៨​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នេះ ក្រសួង​អប់រំ បាន​លើកឡើង​ថា ការ​បង្ហោះ និង​ចែករំលែក​វិញ្ញា និង​អត្រាកំណែ​នេះ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរ​ប្រព្រឹត្ដទៅ នៃ​ការប្រឡង ដែល​កំពុង​ប្រព្រឹត្ដទៅ​យ៉ាង​រលូន ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្ដិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​

​ក្រសួង​អប់រំ បាន​អំពាវនាវ​ដល់​ម្ចាស់​ទំព័រ Facebook ដែល​កំពុង​ធ្វើ​សកម្មភាព​នេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​របស់​ខ្លួន​។ ក្រសួង​អប់រំ បាន​ព្រមាន​ថា ប្រសិន​បើ​សកម្មភាព​ចែករំលែក​រាល់​វិញ្ញាសា និង​អត្រាកំណែ​នៅតែ​បន្ដ​ក្នុង​រយៈពេល​ដំណើរ​កំណែ ការ​ស្រង់ បូក​ពិន្ទ​ដោយ​កុំព្យូទ័រ ផ្ទៀងផ្ទាត់​ពិន្ទុ មុន​ការប្រកាស​លទ្ធផល​ផ្លូវការ មិនទាន់​ត្រូវបាន​បញ្ចប់ ក្រសួង នឹង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការស្វែងរក​ម្ចាស់​ទំព័រ ឬ​គណនី​ហ្វេ​សប៊ុក​ទាំងនេះ មក​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​។​

​សូមបញ្ជាក់​ថា ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២០-២១ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅនេះ​។ បច្ចុប្បន្ន​ក្រសួង​កំពុងតែ​ដំណើរការ​កំណែ​លើ​វិញ្ញាសា​នៃ​ការ​ប្រលង​នេះ ហើយ​លទ្ធផល​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​សមាជិក​កំណែ​នៅតាម​មណ្ឌល​កំណែ​ទាំង​១០ នៅតែ​បន្ត​ធ្វើ​កំណែ​លើ​សន្លឹក​កិច្ចការ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ដោយ​ការយកចិត្តទុកដាក់​ក្រោម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​មិន​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ទូរ​សព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ចូល​បន្ទប់​កំណែ​ឡើយ ដើម្បី​ចៀសវាង​បង្ហោះ​រាល់​សំណៅ​កិច្ចការ​បេក្ខជន ឬ​អត្រាកំណែ​តាម​បណ្ដាញ​សង្គម​៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×