ក្រសួងការបរទេសរុស្ស៊ី ឲ្យដឹងថា គេបានចាត់ឲ្យនាវាឈ្លបយកការណ៍ទំនើបបំផុតដែលរួមមានទាំងនាវាមុជទឹក ទៅជួយអាហ្សង់ទីនរុករកនាវាមុជទឹក ARA San Juan ដឹកមនុស្ស ៤៤នាក់ បានបាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិក កាលពីសប្តាហ៍មុន។
នាវានេះ បានឆ្ពោះទៅកាន់តំបន់ រុករកនាវា ARA San Suan ហើយក្រោយពីប្រធានាធិបតីរុស្ស៊ី បានស្នើសុំចូលរួមជួយរកអាហ្សង់ទីនមក។
តាម RT បណ្តានាវាមុជទឹក ដែលបំពាក់លើនាវា Yanta នោះ អាចចុះដល់ជម្រៅ 6.000m ។ នាវាទាំងនេះ ក៏មានបំពាក់នូវឧបករណ៍បម្រើដល់កិច្ចការស្មុគស្មាញក្រោមបាតសមុទ្រ។ ក្រៅពីនោះនាវា Yantar ក៏មានបំពាក់បណ្តាបរិក្ខាររុករកដ៏ទំនើបៗ ងាយស្រួលក្នុងការកំណត់ទីតាំងពិតប្រាកដនៃនាវាមុជទឹកដែលបានបាត់ខ្លួននោះ។
លើសពីនេះ រុស្ស៊ីនៅបានចាត់ក្រុមអ្នកជំនាញការ ជំនាញខាងសង្គ្រោះនាវាចរណ៍១ក្រុមដើម្បីជួយដល់អាហ្សង់ទីន ក្នុងបេសកកម្មរុករកនាវា San Juan ។
ជំនួយគាំទ្ររបស់រុស្ស៊ីបានមកដល់ចំពេល ដែលក្រុមសង្គ្រោះកំពុងរត់ប្រណាំងនឹងពេលវេលា ដើម្បីកំណត់ទីតាំងរបស់នាវារងគ្រោះ។ គិតរាប់ពីថ្ងៃទី ១៥/១១មក នាវិក៤៤រូប លើនាវានេះ អាចនៅមានជីវិត តែពួកគេប្រាកដជារងផលប៉ះពាល់ និងហានិភ័យ ខ្វះខាងអុកស៊ីហ្សែន។
មាននាវាប្រមាណ ៣០ រួមទាំងយន្តហោះ និងមនុស្សប្រមាណ ៤០០០នាក់ មកពីប្រទេស ចំនួន១១ កំពុងចូលរួមក្នុងដំណើរស្វែងរក San Juan ។ បណ្តាយន្តហោះបានរុករកក្នុងតំបន់ផ្ទៃទឹក ទំហំប្រមាណ ៥០០.០០០km² នៅប៉ែកខាងត្បូងមហាសមុទ្រអាត្លង់ទិកពេញ១សប្តាហ៍កន្លងមកនេះ ប៉ុន្តែនៅពុំទាន់មានសញ្ញាវិជ្ជមានណាមួយត្រូវបានផ្សព្វផ្សាយជាផ្លូវការទេ៕ សូយន