ឃ្លីបវីដេអូបង្ហាញបុរសអ្នកទេសចរបរទេសម្នាក់ ចាប់កអាវមន្ត្រីប៉ូលីស ទាំងមិនសប្បាយចិត្ត ត្រូវបានហាមមិនអោយបង្ហោះគោម ព្រោះវាអាចបង្កគ្រោះថ្នាក់ បានធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ។ ដំបូងឡើយ អ្នកនិយមលេងអ៊ីនធឺណេតគិតថា ឥរិយាបទដ៏ឈ្លើយបែបនេះ គឺជាជនជាតិចិន ប៉ុន្តែមិនមែននោះទេ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ ទំព័រហ្វេសប៊ុក E-So Khee Laek បានបង្ហោះឃ្លីបនៃព្រឹត្តិការណ៍រាប់ថយក្រោយនៃឆ្នាំថ្មី នៅឈៀងម៉ៃ។ ហើយនៅអំឡុងពេលនោះ បុរសជនបរទេសម្នាក់ បានយកគោមដុតបង្ហោះទាំងកណ្តាលហ្វូងមនុស្ស រួចចាប់កអាវប៉ូលិសម្នាក់ ដែលទទួលបន្ទុកក្នុងព្រឹត្តិការណ៍នោះ ហើយស្រែកឆោឡោដោយមិនខ្វល់ខ្វាយអ្វីទាំងអស់។ ជាមួយទង្វើនេះ អ្នកលេងអ៊ីនធឺណិតបានដាក់ឲ្យថា បុរសនេះប្រហែលចង់ជាប់គុកក្នុងឱកាសចូលឆ្នាំហើយ!។
ដំបូងឡើយ ប្រជាពលរដ្ឋគិតថា ទង្វើបែបនេះ អាចជាអ្នកទេសចរជនជាតិចិន ប៉ុន្តែតាមពិត មិនមែនទេ គឺជាអ្នកទេសចរជប៉ុន ដែលមិនសប្បាយចិត្ត នៅពេលប៉ូលីសឃាត់គាត់មិនឲ្យបង្ហោះគោម ហើយបានស្ទុះទៅចាប់កអាវប៉ូលីស។ តែទោះជាយ៉ាងណា ប៉ូលិសមិនបានចោទប្រកាន់អ្វីទេ។
ក្រោយហេតុការណ៍កើតឡើង អធិការនគរបាលក្រុងឈៀងម៉ៃ បានប្រាប់ឲ្យដឹងថា ករណីនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ វេលាម៉ោង ១ រំលងអាធ្រាត្រ នៅពេលដែលអ្នកទេសចរបានយកគោមមកបង្ហោះ។ ប៉ូលិសបានចុះទៅពិនិត្យ និងពន្យល់ថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យបង្ហោះគោមទេ។ ទោះជាយ៉ាងណា នៅពេលនោះ អ្នកទេសចរម្នាក់ បានយកគោមដុត ហើយហៀបនឹងបង្ហោះឡើងលើអាកាស។ ភ្លាមៗនោះ ប៉ូលីសនៅតំបន់បានប្រញាប់ទៅទាញគោមនោះមកវិញ ដើម្បីការពារកុំឱ្យអណ្តែតឡើងលើមេឃ ដោយខ្លាចវាបង្កគ្រោះថ្នាក់ និងឆេះផ្ទះប្រជាពលរដ្ឋដូចឃើញក្នុងរូបភាព។
ក្រោយមក អ្នកទេសចរនោះ ក៏បានសុំទោស ដោយនិយាយថា ពួកគេមិនបានដឹងថា មានច្បាប់ហាមឃាត់ការបង្ហោះគោមនោះទេ។ ហើយប៉ូលិសក៏មិនបានចោទប្រកាន់អ្វីដែរ៕





