រាជធានីភ្នំពេញ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលជលផល បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ខណៈត្រីចាប់ផ្តើមត្រូវតាមដងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹង បន្ថែមដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។
ទន្ទឹមនេះរដ្ឋបាលជលផលសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូន តាមការគួរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី