Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិបាល គួច ចំរើន ៖ ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនរបស់កម្មសិទ្ធិករ

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា៖ ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធន ដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០៥០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងបន្តថា៖ ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍បន្ថែមទៀតថា៖ អនុវត្តតាមគោលនយោបាយគន្លឹះរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីធ្លី បង្ហើយ រដ្ឋបាលខេត្តកណ្តាល រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាលនឹងខិតខំប្រឹងប្រែង ដើម្បីជម្រុញការចុះបញ្ជីដីទូទាំងខេត្តកណ្តាលឱ្យ បានចប់នៅឆ្នាំ២០២៥នេះ។ ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាការងារអាទិភាពចំពោះមុខ ដើម្បីធ្វើឱ្យវិវាទដីធ្លីកាន់តែកាត់បន្ថយ និងបង្រួមកាន់តែតូចទៅៗ ហើយនៅពេលដែលយើងបានចុះបញ្ជីដីធ្លីរួច ដីធ្លីរបស់យើងកាន់តែមានសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងប្អូនៗ ក្មួយៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ ជាមួយគ្នាដែរឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៣ភូមិ ក្នុងឃុំឫស្សីជ្រោយ និងឃុំព្រែកអញ្ចាញ ដែលទទួលបានកម្មសិទ្ធិនាពេលនេះ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥២% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៤៩,២៨០ ក្បាលដី។ក្នុងនោះបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៩០,០១០ ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣០ លើកស្មើនឹង ៣១២,៧៨០ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣១ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិឫស្សីជ្រោយ ចំនួន ៥៤៩ប័ណ្ណ និងភូមិជ្រោយមេត្រីក្រោម ចំនួន ៣២៨ប័ណ្ណ ឃុំឫស្សីជ្រោយ និងភូមិក្រោម ចំនួន ១,១៧៣ប័ណ្ណ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល សរុបចំនួន ២,០៥០ប័ណ្ណ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី