ភ្នំពេញ ៖ លោក ជេស្ស៊ី ម៉ាខល វ៉ាន់ឌីន (Jesse McCaul) ជនបរទេស ដែលឧស្សាហៅខ្លួនឯងនៅក្នុងបណ្ដាញព័ត៌មានសង្គម ថា ” តាបារាំង តាបារាំង ” ហើយដែលទទួលបានសញ្ជាតិខ្មែរនោះ ពេលនេះត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដោយពុំទទួលប្រាក់បំណាច់មុខងារ , ការតែងតាំងនេះ គឺជាការឆ្លើយតបចំពោះអ្វីដែលលោកបានខិតខំជួយលើកតម្កើងកិត្តិយសខ្មែរ គ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ។
បើតាមព្រះរាជក្រឹត្យ របស់ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានត្រាស់បង្គាប់ តែងតាំង មន្ត្រីជាទីប្រឹក្សាក្រសួងមហាផ្ទៃ មិនទទួលប្រាក់បំណាច់មុខងារ ចំនួនរហូតដល់ ១៧រូបឯណោះ ប៉ុន្តែ CEN សូមលើកយកតែឈ្មោះ លោក ជេស្ស៊ី ម៉ាខល វ៉ាន់ឌីន (Jesse McCaul) មកផ្ដោតលើការផ្សព្វផ្សាយតែប៉ុណ្ណោះ ដោយហេតុថា លោកគឺជា ជនបរទេសមួយរូប ដែលតែងតែខិតខំជួយផ្សព្វផ្សាយរឿងល្អៗពីកម្ពុជា ជាពិសេសតំបន់ទេសចរណ៍ និងវប្បធម៌ប្រពៃណីជាតិ ព្រមទាំងផលិតវិដេអូលើកទឹកចិត្ត នៅលើ Facebook របស់លោកផ្ទាល់ ដែលមានអ្នកតាមដាន (Follower) ចំនួន ១៤០ ០០០នាក់ និងលើ TikTok មានអ្នកតាមដានជាង ៣៦០ ០០០នាក់ , គណនីរបស់លោកនៅលើបណ្ដាញព័ត៌មានសង្គម មានឈ្មោះ ថា Jesse McCaul ។
គួរកត់សម្គាល់ថា ក្នុងវិដេអូមួយរបស់ លោក ជេស្ស៊ី ម៉ាខល វ៉ាន់ឌីន (Jesse McCaul) ដែលមានអ្នកទស្សនាជាច្រើននាក់ បាននិយាយសរសើរពីសិល្បៈខ្មែរ ថា ទោះឆ្លងកាត់របបខ្មែរក្រហមដ៏ព្រៃផ្សៃយ៉ាងណា ក៏មិនបាត់បង់ដែរសិល្បៈដូនតាខ្មែរ ព្រលឹងខ្មែរ ហើយលោកក៏បានលើករឿងដែលតារាចម្រៀង វ៉ាន់ដា ឡើងច្រៀងពេលបិទកម្មវិធីអូឡាំពិត នៅក្រុងប៉ារីស នាពេលកន្លងទៅ ដោយចាត់ទុកថា នេះហើយជាការរស់ឡើងវិញរបស់សិល្បៈខ្មែរ, វិស័យសិល្បៈ គឺជាទេពកោសល្យប្រចាំជាតិសាសន៍របស់ខ្មែរ តាំងពីបុរាណកាលមក ហើយវាស្ថិតក្នុងបេះដូងរបស់ពលរដ្ឋខ្មែរយ៉ាងជ្រាលជ្រៅ ដែលយើងគួរតែគាំទ្រ និងមានមោទនភាព៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN