Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឃុំខ្លួនអ្នកបើករថយន្តដឹកកម្មករ ១នាក់ ដែលបើកវ៉ាជែងរថយន្តមួយគ្រឿងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា ព្រមទាំងទាញដំបងដែក មករកវាយគេ

ស្វាយរៀង៖ សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀង ឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករ ១នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ហើយត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ក្នុងពន្ធនាគាររួចហើយ។

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:២០នាទី បន្ទាប់ពីបានមើលពីការបង្ហោះវីដេអូតាមបណ្តាញសង្គម ថាមានរថយន្តដឹកកម្មករ ១គ្រឿង ផ្លាកលេខ ភ្នំពេញ ៣D-៩៣៨៦ បានបើកបរវ៉ាជែង និងរថយន្តមួយគ្រឿងទៀត ហើយបានខឹង និងមានការឈ្លោះប្រកែក ជេរប្រមាថគ្នាទៅវិញទៅមក ព្រមទាំងទាញដំបងដែក មករកវាយគ្នា ខណៈពេលដែលកំពុងតែបើកបរនៅលើដងផ្លូវសាធារណ:។

ក្រោយពីទទួលព័ត៌មានខាងលើភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ចាត់អោយលោកវរសេនីយ៍ឯក អ៊ុច សារ៉ន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះស្រាវជ្រាវភ្លាមៗ។

ជាលទ្ធផលការស្រាវជ្រាវ​រហូតដល់ម៉ោង ១៦​:១០នាទីរសៀល ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានរកឃើញរថយន្តសង្ស័យខាងលើ ចតទុកចោលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត​។ ក្រោយពីបានរកឃើញរថយន្តហើយ កម្លាំងការិយាល័យជំនាញក៏បានធ្វើការដកហូតរថយន្តនេះមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ដើម្បីរងចាំម្ចាស់ចូលខ្លួនបំភ្លឺ។

លុះនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ០៨:៣០នាទី អ្នកបើកបររថយន្តខាងលើ បានចូលខ្លូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ហើយកម្លាំងនគរបាលចរាចរណ៍បានធ្វើកំណត់ហេតុលើអ្នកបើកបររថយន្ត ដែលមានឈ្មោះ ឈៀង ចាន់រី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបរថយន្តដឹកកម្មករ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិ​ដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង ដែលបានធ្វើសកម្មភាពបើកបរវ៉ាជែង គ្មានសណ្តាប់ធ្នាប់លើដងផ្លូវ និងប្រើហិង្សាពេលបើកបរនៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខខេត្តស្វាយរៀង ពិតប្រាកដមែន ព្រមទាំងពុំមានប័ណ្ណបើកបរ និងមានផ្ទុកសារធាតុញៀន ទៀតផង។​

បច្ចុប្បន្ន អ្នកបើកបររថយន្តខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់ ហើយត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ក្នុងពន្ធនាគាររួចហើយ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបើកបររថយន្ត ត្រូវរៀនបើកបរនៅសាលា និងមានប័ណ្ណបើកបរអោយត្រឹមត្រូវ។​ សូមបើកបរដោយទទួលខុសត្រូវ និងចេះអធ្យាស្រ័យគ្នា។ ជៀសអោយឆ្ងាយពីគ្រឿងញៀន។ ជីវិតកម្មករច្រើនណាស់ កំពុងផ្ញើរជីវិតលើអ្នកបើកបរតែម្នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី