Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យអាណិតណាស់! សុនខញី១ក្បាលរង់ចាំម្ចាស់ដ៏កំសត់ ទាំងមិនដឹងថាម្ចាស់មួយគ្រូសារ៩នាក់ ស្លាប់ក្នុងសោកនាដកម្មយន្តហោះ Jeju Air

សត្វឆ្កែញី​១ក្បាល ដែល​បាត់​ម្ចាស់នៅក្នុង​សោកនាដកម្ម​យន្តហោះកូរ៉េខាងត្បុង ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹមហើយ​ ខណៈ
ក្រុមសិទ្ធិសត្វរបស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានយក Pudding ជាឆ្កែអនាថាដែលគ្រួសារម្ចាស់របស់វាបានស្លាប់អស់ទាំង៩នាក់ នៅក្នុងសោកនាដកម្ម Jeju Air នៅក្នុងហេតុការណ៍សោកនាដកម្មយន្តហោះ Jeju Air ដែលបានកើតឡើងកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤។

អង្គការ​សិទ្ធិ​សត្វ​ Care ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ​ថា ខ្លួន​បាន​ចិញ្ចឹម​ឆ្កែ​មួយ​ក្បាល​ឈ្មោះ Pudding ខណៈ​វា​កំពុង​វង្វេង​ជុំវិញ​ភូមិ​មួយ​ក្នុង​ស្រុក Yeonggwang ខេត្ត Jeolla ភាគខាង​ត្បូង។

ក្រុមថែទាំបាននិយាយថា «យើងបានកំណត់ថា Pudding មិនមានសុវត្ថិភាពដោយគ្មានអ្នកមើលថែទេ។ បន្ទាប់ពីទាក់ទងសាច់ញាតិរបស់ជនរងគ្រោះ យើងបានសម្រេចចិត្តចិញ្ចឹម Pudding រហូតដល់យើងអាចរកឃើញម្ចាស់ថ្មីសមរម្យ»។

គួរបញ្ជាក់ថា សមាជិក ៩ នាក់ នៃគ្រួសាររបស់លោក Bae ដែលជាម្ចាស់ Pudding បាននៅលើជើងហោះហើរ Jeju Air ដែលបានធ្លាក់នៅព្រលានយន្តហោះ Muan កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងចំណោមមនុស្ស ១៧៩ នាក់ ដែលបានស្លាប់។

ក្រុមថែទាំបាននិយាយថា មុនហេតុការណ៍កើតឡើង ​ក្រុម​គ្រួសារ​បាន​ទៅ​ប្រទេស​ថៃ ​ដើម្បី​ប្រារព្ធ​ខួប​កំណើត​របស់​លោក Bae ដែល​នេះ​ក៏​ជា​លើក​ទី​មួយ​ដែរ ​ដែល​ក្រុម​គ្រួសារ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជាមួយ​គ្នា។ ក្រោយ​ពេល​កើតហេតុ ផ្ទះ​ជន​បទ​របស់​លោក Bae គឺត្រូវស្ងាត់ជ្រងំ ដោយ​មាន​តែ Pudding នៅ​យាម​ផ្ទះ។

ឆ្កែញីមួយក្បាលនេះមិនបាននៅក្នុងផ្ទះម្ចាស់ទៀតទេ ដោយវាបានដើរជុំវិញភូមិ មើលរថយន្ត និងឡានក្រុង ហាក់ដូចជាកំពុងរង់ចាំក្រុមគ្រួសាររបស់ម្ចាស់វាត្រឡប់មកវិញ។ ហើយអ្នក​ភូមិ ក៏​បានសហការ​ប្ដូរ​វេន​គ្នា​ឲ្យ​ចំណី​ដល់វាផងដែរ។

Care បានរៀបរាប់ពីពេលដែលពួកគេបានទៅដល់ដើម្បីទទួលយកសត្វឆ្កែនេះថា «យើងបានរកឃើញ Pudding អង្គុយស្រងោតស្រង៉ាត់នៅខាងក្រៅសាលាភូមិ។ ពេលយើងទៅជិត វាបានរត់សំដៅរកពួកយើងដោយរំភើប ហាក់ដូចជាកំពុងរង់ចាំម្ចាស់របស់វា»។

Care បាននិយាយថា «ឆ្កែនេះហាក់ដូចជាមិនស្រួលបន្តិច ក្នុងអំឡុងពេលធ្វើដំណើរយកទៅឲ្យពេទ្យសត្វពិនិត្យ នៅទីក្រុងសេអ៊ូល។ យើងបានពិនិត្យសុខភាពរបស់ Pudding ដោយសារតែពោះវៀនរបស់វាមានអាហារបង្កគ្រោះថ្នាក់ដូចជាខ្ទឹមបារាំង និងឆ្អឹងមាន់»។

គួររម្លឹកថា យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានជួបឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែធ្នូ ខណៈពេលចុះចតនៅអាកាសយានដ្ឋាន Muan ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង ដែលបានក្លាយជាសោកនាដកម្មអាកាសចរណ៍ដ៏អាក្រក់បំផុត នៅលើទឹកដីកូរ៉េខាងត្បូង។

យន្តហោះ​នេះបាន​បុក​សត្វ​ស្លាប ហើយ​ទំនង​ជា​មាន​បញ្ហា​ជាមួយ​នឹង​ឧបករណ៍​ចុះចត​របស់​វា ដោយ​បង្ខំ​ឱ្យ​អ្នក​បើក​យន្តហោះ​ចុះ​ចតដោយ​ពោះទទេ។ តែទោះជាយ៉ាងណា យន្តហោះ Boeing 737-800 បានរអិលចេញពីផ្លូវរត់ ហាក់បីដូចជាមិនអាចបន្ថយល្បឿនបាន ហើយបានធ្លាក់ចូលទៅក្នុងជញ្ជាំងបេតុងនៅចុងផ្លូវរត់ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
មន្ត្រីកូរ៉េខាងត្បូងជឿថា ដំណើរការខុសប្រក្រតីនៅក្នុងឧបករណ៍ចុះចតនេះ គឺជាមូលហេតុចម្បងមួយ នៃសោកនាដកម្មនេះ។

ប៉ូលីសកូរ៉េខាងត្បូង បានឆែកឆេរអាកាសយានដ្ឋាន Muan និងការិយាល័យ Jeju Air នៅថ្ងៃនោះ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ។ យន្តហោះ Boeing 737-800 ទាំងអស់ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងពិសេស ដោយផ្តោតលើឧបករណ៍ចុះចត៕