ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អោយដឹងថា កម្លាំងជំនាញ បានឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ២ករណីផ្សេងៗគ្នា៖
– ករណីទី១ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០ នាទី ឃាត់ខ្លួនជនជាតិចិនចំនួន០២ នាក់ នៅពេលកម្លាំងចំរុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងសង្កាត់ លេខ៤ក្រុងព្រះសីហនុ ទី១-ឈ្មោះ YANG REN CHEN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន) និងទី២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ជាអ្នករួមដំណើរ កាន់លិខិតឆ្លងដែនលេខ G61047083។
សមត្ថកិច្ចវត្ថុតាងដកហូតបាន មានម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន ៤៣កញ្ចប់ ( ១កញ្ចប់ធំ និង៤២កញ្ចប់តូច ) ,បំពង់សារ៉ាងមានពណ៌ក្រហមចំនួន ១៤ ,ទូរសព្ទ័ចំនួន ០១ គ្រឿង និង រថយន្ត ១គ្រឿង ម៉ាក LEXUS 330។
– ករណីទី២: នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងជាង៣រសៀល ឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ CUI YAN FEI ភេទប្រុស អាយុ ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB 5537894 មុខរបរអាជីវករ។
សមត្ថកិច្ច បន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនរូបនេះ ពេលដែលរូបគេបានទៅយករថយន្តនៅក្លឹបខារ៉ាអូខេ ស៊ីងតុហ្វាង (ទីតាំងដែលបានបង្ក្រាបករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ) ស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ ដោយឆែកក្នុងរថយន្តនោះរកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤ កញ្ចប់តូច , កាហ្វេចំនួន ០២ កញ្ចប់ដែលសង្ស័យជាសារធាតុញៀន ,ជញ្ជីងថ្លឹងចំនួន ០១ , ថង់សំរាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ។
ករណីទាំងពីរខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ដែន សីមា