Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម ជម្រុញដល់សហព័ន្ធកែច្នៃដំឡូងមី ត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំង ដែលយល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធសេដ្ឋកិច្ច

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា នៅទីស្តីការក្រសួងនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។

លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។

លើសពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាសហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។

លោករដ្ឋមន្ត្រី បានបន្តថា  ក្រសួងកសិកម្ម បាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារពិតប្រាកដ ហើយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្ម ដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀម សម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។

គួរបញ្ជាក់ថា​ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្ស៊ីគ្នា ដោះស្រាយបញ្ហាប្រឈមនានា និងជោគជ័យទាំងអស់គ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករកម្ពុជាពិតប្រាកដ៕

×