ជឿថាប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាច្រើន បានឃើញរួចមកហើយ ពីលោកពូម្នាក់ដែលទៅចូលរួមកម្មពិធីមង្គលការមួយដ៏ប្លែក ដោយគាត់ទៅហូបការគេ បែរជាស្លៀកពាក់ដ៏សាមញ្ញាខុសគេខុសឯង ជាពិសេសនោះ ពាក់ខ្សែក៏ដ៏មិនធម្មតា គឺធំលេចធ្លោតែម្តង។
ជាក់ស្តែង តាមរយៈវីដេអូខ្លីប៉ុន្មានវិនាទី ដែលគេលួចថតយកមកបង្ហោះ បានបង្ហាញបុរសរូបនេះ ត្រូវបានអ្នកមកចូលរួមហូបការ នាំគ្នាភ្ញាក់ផ្អើលគ្រប់គ្រប់គ្នា ខណៈឃើញគាត់ដើរចូលមក ជាមួយសម្លៀកបំពាក់ដ៏សាមញ្ញត្រឹមអាវយឺតក្ងានប៉ុណ្ណោះ ប៉ុន្តែ ក្រឡេកមើលខាងលើវិញ គឺខ្សែកធំណាស់។ ហើយមិនត្រឹមតែគាត់ទេ គឺសូម្បីតែប្រពន្ធរបស់គាត់ក៏ពាក់ខ្សែធំដែរ។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកលេងបណ្តាញសង្គម ក៏បាននាំគ្នាលេងសើចបែបនេះថា «សាមញ្ញដូចបង អាវធំ ក្រវ៉ាត់ក៏អែបកៀន! គាត់ស្គ៊ម ដោយសារតែវា ហាសហា!»។ តែទន្ទឹមនឹងឃើញប្លែកស្ទើរមិនគួរឲ្យជឿ មនុស្សមួយចំនួន ក៏បាននិយាយបែបនេះថា សង្ស័យតែខ្សែក៏ ជ្រលក់ពណ៌ទេដឹង!?។
ទោះជាយ៉ាងណា ដើម្បីបង្ហាញការពិត ស្រ្តីម្នាក់ដែលជាអ្នករស់នៅក្នុងស្រុកភូមិជាមួយ បានប្រាប់ឲ្យដឹងថា លោកពូខ្សែកធំរូបនេះ រស់នៅ ភូមិរុន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ហើយទាក់ទងនឹងខ្សែក៏ធំ នេះផងដែរ ស្រ្តីរូបនោះក៏បានបញ្ជាក់ឲ្យដឹងច្បាស់ថា មិនមែនខ្សែកក្រឡៃ ឬជ្រលក់ពណ៌អីនោះទេ តែជាខ្សែកពិតប្រាកដណា គឺចំនួន ១៣ ដំឡឹង ឯណោះ។
បងស្រីអ្នកជិតខាង ក៏បានឲ្យដឹងទៀតថា មិនត្រឹមតែពាក់ខ្សែក៏ធំប៉ុណ្ណឹងទេ គឺលោកពូរូបនេះ មានសូម្បីរថយន្តទំនើប ជិះសុទ្ធតែ Ford តម្លៃ ៥ ម៉ឺនដុល្លារ និងក៏ចង់ដូរស៊េរីតម្លៃ ៧ ម៉ឺនដុល្លារ ទៀតផង។
ជាមួយភាពមានបានស្ទើរមិនគួរឲ្យជឿនេះផងដែរ ស្រ្តីអ្នកជិតខាងក៏បានបង្ហើបថា តាមពិតទៅ លោកពូរូបនេះពីមុន គ្រួសារគាត់ក្រីក្រណាស់ តែដោយសារមានកូនច្រើន ហើយបានកូនៗទៅធ្វើការចំណាកស្រុកនៅប្រទេសថៃ ធ្វើការជាអ្នកម៉ៅការ និងប្រកបរបររកស៊ីកាក់កបនៅទីនោះ បានផ្តល់លុយកាក់មកជាបន្តបន្ទាប់ រហូតបានធ្វើផ្ទះធំ និងសូម្បីទិញឡានឲ្យជិះ ទិញគ្រឿងអលង្កការឲ្យពាក់ ដែលមានបានលេចធ្លោក្នុងភូមិរហូតមកទល់សព្វថ្ងៃ។
ជាក់ស្តែង ស្រ្តីអ្នកជិតខាងក៏បានឲ្យដឹងថា នៅខាងស្រុកភូមិរបស់គាត់ គឺមានផ្ទះធំៗណាស់ ដោយសារបានកូនៗទៅធ្វើការចំណាកស្រុកនៅប្រទេសថៃ៕