Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរៀបចំការចុះបញ្ជីដី ព្រមទាំងសិក្សាសក្តានុពលតំបន់ឆ្នេរសមុទ្រទាំងអស់ ជារបៀងសេដ្ឋកិច្ចរួម

ភ្នំពេញ ៖ ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ (គ.អ.ឆ.ក)​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំមួយដែលមានវត្តមាន អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមតំណាងក្រសួង-ស្ថាប័នដែលជា សមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងរដ្ឋបាលបណ្តាខេត្តតាមបណ្តោយឆ្នេរសមុទ្រ ព្រមជាមួយវត្តមានតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី៦ មករា ២០២៥ នាទីស្តីការក្រសួង។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងឱ្យមានការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ដើម្បីពិនិត្យ​សក្តានុពលធនធាននៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជាជារួម សំដៅគិតគូរដល់ការរៀបចំផែនការឯកភាព សម្រាប់បន្តអភិវឌ្ឍ និងអភិរក្សឱ្យសមស្របទៅនឹងសក្តានុពល និងលក្ខខណ្ឌដែលអំណោយផល ឈានទៅលើកកម្ពស់វិស័យទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដើម្បីបន្តរក្សាសក្តានុពលតំបន់នេះ ជារបៀង សេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិ ដែលបានបង្កើតឱកាសការងារ ស្រូបយកចំណូលយ៉ាងច្រើនផ្តល់ជូនប្រជាជន។

តាមរយៈការចូលរួមមតិយោបល់របស់សមាជិកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្រេចប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរៀបចំការចុះបញ្ជីដី ព្រមទាំងសិក្សាសក្តានុពលតំបន់ឆ្នេរសមុទ្រទាំងអស់ជារបៀងសេដ្ឋកិច្ចរួម។

ស្របពេលដែលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ នឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើជូនទៅរាជរដ្ឋាភិបាលរួចហើយ ដើម្បីរៀបចំផ្លូវជិះកង់ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យមានការផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំងលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប ឱ្យក្លាយជាគោលដៅទេសចរណ៍​ ក្នុងស្រុកថ្មីៗ ជាពិសេសសម្រាប់អ្នកទេសចរក្នុងស្រុក ដែលនឹងផ្តល់ជាឱកាសការងារ និងប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់ប្រជាជនកម្ពុជា។
កិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×