រាជធានីភ្នំពេញ ៖ បើតាមចេញសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥
អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធយ៉ាង ដាច់អហង្កាចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី នាពេលថ្មីៗនេះ មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសូមធ្វើការបំភ្លឺបញ្ជាក់ជូនសាធារណមតិមេត្តា ជ្រាបថា ចំពោះការចោទប្រកាន់មកលើថ្នាក់ដឹកនាំថា បានផលិតនិងចែកចាយទិដ្ឋាការពន្យាការស្នាក់នៅ ក្លែងក្លាយ និងខុសតួលេខ ជាដើមនោះ គឺជាចេតនាមួលបង្កាច់ និងប្រឌិតឡើងដោយគ្មានមូលដ្ឋាន ច្បាស់លាស់ និងមិនត្រឹមត្រូវឡើយ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបញ្ជាក់ជូនថា សន្លឹកទិដ្ឋាការ ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើកមកប្រើប្រាស់គ្រប់ប្រភេទ ត្រូវបានបោះពុម្ពដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានសញ្ញាសំគាល់សុវត្ថិភាព និងលេខរៀងសន្លឹកទិដ្ឋាការត្រឹមត្រូវ ដើម្បី ការពារការក្លែងក្លាយ និងអាចគ្រប់គ្រងចំនួនសន្លឹកទិដ្ឋាការបានច្បាស់លាស់។ សន្លឹកទិដ្ឋាការគ្រប់ប្រភេទ ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញាវត្ថុ នៃក្រសួងមហាផ្ទៃ ដើម្បីគ្រប់គ្រង និងបើក ផ្តល់បន្តមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រើប្រាស់ ដោយមានការកត់ត្រា និងផ្ទៀងផ្ទាត់ចំនួនយ៉ាង ម៉ត់ចត់ ហើយនៅបំណាច់ខែនីមួយៗ ក៏មានរបាយការណ៍លទ្ធផល ស្តីពីការប្រើប្រាស់ទិដ្ឋាការប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនទៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដើម្បីមានមូលដ្ឋានពិនិត្យ ផ្ទៀងផ្ទាត់ចំនួនសន្លឹកទិដ្ឋាការឡើងវិញ មុននឹងបញ្ជូនរបាយការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន សន្លឹកទិដ្ឋាការស្អិត ក៏ត្រូវជំនួសដោយទិដ្ឋាការអេឡិចត្រូនិក (ប្រើជា QR Code) ដើម្បីសម្រួលដល់ការធ្វើស្នើសុំទិដ្ឋាការឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។ បន្ថែមពីនេះ ក៏នៅមាន ការធ្វើសវនកម្មជារៀងរាល់ឆ្នាំ ដោយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំណុះក្រសួងមហាផ្ទៃ សំដៅធ្វើ សុក្រឹត្យភាពបន្ថែមទៀត ជាពិសេសទៅលើការប្រើប្រាស់សន្លឹកទិដ្ឋាការ ដែលពាក់ព័ន្ធនឹងចំណូលថវិកា ជាតិនេះ យ៉ាងម៉ត់ចត់ និងម៉ឺងម៉ាត់ជាទីបំផុត។ ដោយឡែកចំពោះការតែងតាំងមន្ត្រីចំណុះអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ពុំមានការពាក់ព័ន្ធ និងមានភារកិច្ចក្នុងការ ចាត់ចែងកិច្ចការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាថ្មីម្តងទៀត សូមធ្វើការច្រានចោលទាំងស្រុងចំពោះ ការចោទប្រកាន់ដោយគ្មានភស្តុតាង និងបានបង្កការភ័ន្តច្រឡំដល់សាធារណមតិ និងធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕