នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានបញ្ជាក់ថា តារាសម្តែងចិន Xingxing ដែលបានបាត់ខ្លួនពាក់ព័ន្ធនឹងក្រុមឆបោកមជ្ឈមណ្ឌលហៅទូរស័ព្ទ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរកឃើញដោយសុវត្ថិភាព ហើយកំពុងរង់ចាំការផ្ទេរត្រឡប់ទៅអាជ្ញាធរថៃវិញ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារ លោកស្រី Paetongtarn បាននិយាយថា ប៉ូលីសខេត្តតំបន់ទី៦ កំពុងរង់ចាំតារាសម្តែងនៅក្នុងខេត្ត Tak របស់ប្រទេសថៃ នៅក្នុងស្រុក Mae Sot ដែលមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា។
កាលពីថ្ងៃច័ន្ទ ទាំងប្រព័ន្ធផ្សព្វផ្សាយថៃ និងចិន បានរាយការណ៍ថា Xingxing ដែលមានឈ្មោះពិតថា Wang Xing អាយុ ២២ ឆ្នាំ បានហោះហើរទៅកាន់ទីក្រុងបាងកក ពីទីក្រុងសៀងហៃ កាលពីថ្ងៃសុក្រ ដើម្បីចូលរួមការថតកុន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសវនកម្មផ្នែកមួយដែលត្រូវបានផ្សព្វផ្សាយតាមរយៈ WeChat ។
យោងតាមកាសែត Bangkok Post លោក Wang បានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិកាលពីថ្ងៃសុក្រសប្តាហ៍មុន (ថ្ងៃទី 3 ខែមករា) មុនពេលធ្វើដំណើរទៅកាន់ស្រុក Mae Sot របស់ខេត្ត Tak ជាកន្លែងដែលទំនាក់ទំនងទាំងអស់ជាមួយគាត់ ត្រូវបានបាត់បង់។
ឧត្តមសេនីយ៍ឯក Thatchai Peetaneelabut អគ្គអធិការនៃការិយាល័យប៉ូលិសភូមិន្ទថៃ បានបង្ហើបថា អ្នកបើករថយន្តម្នាក់បានបើកឡានបានដឹក Wang ពីព្រលានយន្តហោះ ទៅកាន់ស្រុក Mae Sot ភាគពាយព្យនៃប្រទេសថៃ។
យោងតាមកាសែតជាភាសាអង់គ្លេសរបស់ចិន Global Times បានឲ្យដឹងថា ព័ត៌មាននៃការបាត់ខ្លួនរបស់ Wang បានកើតឡើងកាលថ្ងៃទី៥ ខែមករា នៅពេលដែលមិត្តស្រីរបស់គាត់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Jiajia បានបង្ហោះអំពីដំណឹងមិត្តប្រុសរបស់នាងនៅលើ Weibo ដោយបាននិយាយថា ទិន្នន័យតាមដានទូរស័ព្ទរបស់តារាប្រុសរូបនេះ បានបង្ហាញពីផ្លូវកាន់តែខុសប្រក្រតី ដោយទំនាក់ទំនងបានបាត់បង់នៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលជាតំបន់ដែលគេស្គាល់ថា សម្រាប់ក្រុមឆបោកមជ្ឈមណ្ឌលហៅទូរសព្ទ នៅម៉ោងប្រហែលថ្ងៃត្រង់៕