ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាសាងសង់ប្រវាស់មួយករណី បន្ទាប់ពីលោក នី វិចិត្រ មេធាវីតំណាងដោយអាណត្តិរបស់ភាគីវិវាទស្នើសុំ បានដាក់ពាក្យស្នើសុំរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មក អ.ដ.ក.។
ផ្អែកតាមពាក្យស្នើសុំខាងលើ លោកស្រី ប៉ឹង កល្យាណ លោក ឡា សាំងថង និងលោក ជ្រិន បូឡី មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើសំណុំរឿងនេះ ដោយអនុលោមតាមខ្លឹមសារនៃលទ្ធផលសម្រុះសម្រួលដោះស្រាយវិវាទដែលធ្វើឡើងដោយមេធាវី និងបន្ទាប់ពីបានបញ្ជាក់អំពីឆន្ទៈពិតប្រាកដ និងត្រឹមត្រូវរបស់គូភាគីរួចមក។
ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទខាងលើនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាង អ.ដ.ក. និង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈ MOU នេះ មេធាវី ដែលបានសម្រុះសម្រួលផ្សះផ្សាវិវាទដោយជោគជ័យជូនភាគីវិវាទ អាចដាក់ពាក្យស្នើសុំមក អ.ដ.ក. ដើម្បីរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់កំណត់ហេតុនេះ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី