ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ មករា២០២៥នេះបានដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌសែន សុខ ខណ្ឌប្ញស្សីកែវចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែន សុខ ហើយបន្តរហូតដល់ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែល ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះបាននិងកំពុងសាងសង់ជិតរួចរាល់។
ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើននៅក្នុងមូលដ្ឋានខណ្ឌសែន សុខនិងខណ្ឌឬស្សីកែវ នេះឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ត្រីជំនាញរដ្ឋបាលរាជធានី ធ្វើយ៉ាងណាដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុងដោះស្រាយឱ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។
ក្នុងឱកាសនៃការចុះពិនិត្យប្រឡាយនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរជំនាញពង្រីកនិងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ធ្វើការដាក់លូជ្រុងទំហំ៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦និងតំបន់មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំងម្តងៗ។
ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេង នូវបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។ ដាក់លូទំហំ១ម៉ែត្រកន្លះ កាត់ផ្លូវលេខ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បីដោះស្រាយការលិចលង់នៅលើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្តទៅស្ថានីយបូមទឹកកប់ស្រូវ និងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។
បន្ថែមពីនេះទៀត ឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសិក្សាឱ្យបានលំអិតបន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវលេខ៥៩២ នៅតំបន់សាលារៀនបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងបានជំរុញអោយអាជ្ញាធរខណ្ឌធ្វើការណែនាំឱ្យប្រជាពលរដ្ឋ កុំបោះសំរាម ចូលក្នុងឡាយទឹក។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង៕ រក្សាសិទ្ធដោយ៖សុទ្ធលី