ភ្នំពេញ ៖ លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ធ្វើអន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន២៦នាក់។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ពលរដ្ឋខ្មែរចំនួន២៦នាក់ គឺ ១.ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ ចិន ធ្វើអន្តរាគមន៍ជួយសង្គ្រោះនិងរៀបចំមាតុភូមិនិវត្តន៍របស់ស្ត្រីខ្មែរចំនួន៧នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន ហើយពួកគេបានមកដល់កម្ពុជាវិញ នៅថ្ងៃទី៩ និងទី២៣ ខែ សីហា ឆ្នាំ២០១៨ ។ ២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៧នាក់ (ស្រីម្នាក់) មកពីខេត្ត ក្រចេះ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និងខេត្តបាត់ដំបង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រឡប់មកកម្ពុជាវិញ។ ពលករ-ពលការិនីទាំង៧នាក់ បានមកដល់កម្ពុជាវិញ ចន្លោះពីថ្ងៃទី៤ ដល់ទី១៥ ខែ សីហា ឆ្នាំ ២០១៨ ។ ៣. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី បានជួយសម្របសម្រួលរៀបចំមាតុភូមិនិវត្តន៍របស់ពលករនេសាទខ្មែរចំនួន២នាក់ មានអាយុ២៨ឆ្នាំ និង៣៦ឆ្នាំ មកពីខេត្តកំពង់ធំ ដែលត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ខ្លួន ក្រោយពីទូកនេសាទដែលពួកគេធ្វើការ បានចូលក្នុងដែនទឹកឥណ្ឌូនេស៊ី។ ពលករទាំង២នាក់នោះ បានត្រឡប់មកដល់កម្ពុជាវិញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ និង៤. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ធ្វើអន្តរាគមន៍ជួយស្ត្រីខ្មែរចំនួន១០នាក់ មានអាយុចន្លោះពី១៩ឆ្នាំដល់៣៤ឆ្នាំ មកពីខេត្តកណ្តាល កំពត កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ រតនគិរី ស្វាយរៀង និងរាជធានីភ្នំពេញ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់ជាមួយបុរសជនជាតិចិន នៅប្រទេសចិន។
ស្ត្រីរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញជាបន្តបន្ទាប់ នៅថ្ងៃទី១៣ ទី១៨ និងទី២៥
ខែ សីហា ឆ្នាំ ២០១៨ ៕ ដោយ ៖ បញ្ញាស័ក្តិ