Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកឡើងពីសារៈសំខាន់នៃបណ្ណាល័យ ក្នុងលើកកម្ពស់ការអប់រំអំណានដំបូង និងគណិតវិទ្យាដំបូង ព្រមទាំងវិធីសាស្ត្របង្រៀនត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ជូនកុមារនូវមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បណ្ណាល័យមានសារៈសំខាន់ណាស់ក្នុងលើកកម្ពស់ការអប់រំអំណានដំបូង និងគណិតវិទ្យាដំបូង ដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ជូនកុមារនូវមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ សម្រាប់ឈានទៅបន្តការសិក្សាបានកាន់តែខ្ពស់ និងរៀនពេញមួយជីវិត។

នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការ KIZUNA និងប្រតិភូរបស់មូលនិធិ The Nippon ដឹកនាំដោយលោក Mori Yuji នាយកប្រតិបត្តិ The Nippon Foundation ស្តីពី វឌ្ឍនភាពនៃគម្រោងអប់រំរបស់អង្គការ KIZUNA ក្រោមជំនួយគាំទ្ររបស់ The Nippon Foundation និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។

មានប្រសាសន៍ក្នុងឱកាសនេះ លោក នាយកប្រតិបត្តិមូលនិធិ The Nippon បាន លើកឡើងថាក្រោមជំនួយថវិកាពីមូលនិធិនីបប៉ុន អង្គការមណ្ឌលគាំទ្រការអប់រំ គីហ្សូណា នឹងបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំនៅតំបន់ជនបទ ដោយភ្ជាប់គម្លាតនៃការអប់រំនៅកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបានចែករំលែកអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងវិស័យអប់រំ តាមរយៈអង្គការ Kizuna ដែលគាំទ្រដោយ The Nippon Foundation រួមមាន៖ (១).គម្រោងការគ្រប់គ្រងបណ្ណាល័យ និងលើកកម្ពស់ការអាន ដោយបានអនុវត្តការហាមប្រើទូរស័ព្ទក្នុងសាលារៀន និងការផ្តល់ជូនសៀវភៅស្របតាមសំណូមពររបស់សិស្ស (២). ការរៀបចំ Software គ្រប់គ្រងបណ្ណាល័យពាក់កណ្ដាលស្វ័យប្រវត្តិ PMB ដែលមានជាភាសាខ្មែរ និងប្រើQR code ដែលផ្តល់ភាពងាយស្រួស រហ័ស និងកាត់បន្ថយការប្រើក្រដាស (៣).បញ្ចូលការបណ្ដុះបណ្ដាល ការគ្រប់គ្រងបណ្ដាល័យ និងសុខភាពសិក្សាទៅក្នុងការបណ្ដុះបណ្ដាលគ្រូគ្រប់កម្រិត (៤). ការអនុម័តស្តង់ដាអគារពហុបំណងសម្រាប់កីឡា និងការសិក្សា (៥). គម្រោងការសាងសង់តារាងបាល់សម្រាប់អប់រំកាយ និងកីឡា រួមទាំងសកម្មភាពក្រៅថ្នាក់ផ្សេងៗទៀត (៦). ការផ្តល់ប្រាក់ឧបត្ថម្ភដល់គរុនិស្សិតឆ្នាំទី៤ បរិញ្ញាបត្រ១ គ្រូឧទ្ទេសដឹកនាំការស្រាវជ្រាវប្រតិបត្តិ ព្រមទាំងផ្តល់ទស្សនកិច្ចសិក្សាតំបន់អង្គរ ខេត្តសៀមរាប (៧).ការត្រៀមសម្រាប់ការសម្ពោធអគារសិក្សានៅខេត្តកោះកុង និងពិធីបិទគម្រោងសុខភាពសិក្សា និងការឈានចូលដំណាក់កាលទី២ ដែលគាំទ្រដោយ សាកលវិទ្យាល័យ តូក្យូ ហ្គាគឹហ្គេ (Tokyo Gakugei University) នាចុងឆ្នាំ ២០២៥នេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការមណ្ឌលគាំទ្រការអប់រំ គីហ្សូណា (Kizuna) និងមូលនិធិ The Nippon ដែលចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ ជាពិសេសបានបន្តគាំទ្រដល់ការអប់រំនៅតាមតំបន់ដាច់ស្រយាល ដោយបានជួយដល់សិស្សានុសិស្សនៃគ្រួសារដែលខ្វះខាតលទ្ធភាពឱ្យទទួលបានការអប់រំប្រកបដោយគុណភាព សមភាព និងបរិយាបន្ន។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃបណ្ណាល័យ ក្នុងលើកកម្ពស់ការអប់រំអំណានដំបូង និងគណិតវិទ្យាដំបូង ព្រមទាំងវិធីសាស្ត្របង្រៀនត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ជូនកុមារនូវមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំសម្រាប់ឈានទៅបន្តការសិក្សាបានកាន់តែខ្ពស់ និងរៀនពេញមួយជីវិត។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់អង្គការ គីហ្សូណា ជាមួយក្រសួងអប់រំ យុវជន និងកីឡានាពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះការជួយគាំទ្រប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់មូលនិធិ The Nippon តាមរយៈអង្គការ គីហ្សូណា ដែលជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានទៅលើការរៀបចំបណ្ណាល័យ និងការបណ្ដុះបណ្ដាលបណ្ណារក្ស ការផ្តល់អាហារូបករណ៍សម្រាប់គរុនិស្សិត កម្មវិធីភាសាអង់គ្លេស និងការអភិវឌ្ឍសៀវភៅសិក្សាគោលភាសាអង់គ្លេស និងលើកកម្ពស់ការអប់រំសុខភាពសិក្សា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×