រាជធានីភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានលេខ១៤ សបព/២៥ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ស្ដីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធករណីគ្រោះថ្នាកចរាចរណ៍ បណ្ដាលឱ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ហៅ RuthKo នៅផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥ ចុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 092-4771 បានបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិ យានផ្លូវត្រង់ និងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ហើយក៏បានបុកជាមួយរថយន្ត បណ្តាលឱ្យ ស្លាប់អ្នកបើកបរម៉ូតូឈ្មោះ ដាវិន ឫទ្ធិរុទ្រ ហៅ RuthKo ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរតារាចម្រៀងរ៉េប។ ក្នុងករណីនេះមានជនត្រូវចោទឈ្មោះ ណឹម ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ណឹម ណាង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ រក្សាសិទ្ធដោយ៖សុទ្ធលី