Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសជនជាប់ចោទម្នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន”

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ភេទប្រុស អាយុ៣៤ឆ្នាំ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៩០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលចេញកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ០៥ ក្រs «B» ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥០៨៤ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន ៣នាក់ គឺ ១.ឈ្មោះ ដី បឹង ភេទប្រុស អាយុ ៣៤ឆ្នាំ ដាក់ទោសពន្ធនាគារ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៩០ ០០០ ០០០ (កៅសិបលាន) រៀល ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២.ឈ្មោះ ដូ វ៉ាន់យុង ភេទប្រុស អាយុ ៤១ឆ្នាំ ដាក់ទោសពន្ធនាគារកំណត់រយៈពេល ៣០ (សាមសិប) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០ ០០០ ០០០ (ប៉ែតសិប លាន) រៀល ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង៣.ឈ្មោះ ព្រំ វិន័យ ភេទប្រុស អាយុ ៣៧ឆ្នាំ ដាក់ទោសពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣០ ០០០ ០០០ (សាមសិបលាន) រៀល ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងអំពើលួចរត់ ប្រព្រឹត្តនៅចំណុចភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសតាមមាត្រា ៤០ មាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា ៥៦០ និងមាត្រា ៥៦១ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះវត្ថុចាប់យកប្រភេទគ្រឿងញៀន និងសម្ភារពាក់ព័ន្ធនឹងបទល្មើស ត្រូវបានសម្រេចរឹបអូស។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរថា ក្រុមប្រឹក្សាជំនុំជម្រះក៏បានអនុវត្ត តាមមាត្រា ៣៥៣ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនជាប់ចោទឈ្មោះ ព្រំ វិន័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×