ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញគណនី TikTok ឈ្មោះ «សោភាវតី សម្រស់ខ្មែរ» ដែលក៏ត្រូវបានដឹងថាមានងារជាជំទាវទៀតផងនោះ បានបង្ហោះវីដេអូឃ្លីបបង្ហាញពីទិដ្ឋភាពដ៏មិនធម្មតា ខណៈធ្វើដំណើរទៅញ៉ាំការគេនៅខេត្ត មានក្បួនរថយន្តសឺរ៉ែនសុទ្ធតែស្លាកលេខ ខេមរៈភូមិន្ទ បើកផ្លូវ ដែលពិតជាឡូយអស្ចារ្យណាស់។
ពិតណាស់ ក្រោយពីបានឃើញបែបនេះ ពលរដ្ឋឆ្ងល់ថា ហេតុអីលោកជំទាវដ៏ស្រស់សោភាម្នាក់នេះ ដែលត្រឹមជាអ្នកលក់ឡេដ៏ល្បីម្នាក់ ចេញដំណើរទៅហូបការ មានឡានសារ៉ែនបើកផ្លូវ ខណៈម្ចាស់សម៉ីខ្លួន ក៏បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដែលឃើញមានចំនួនអ្នកមើលវីដេអូររបស់ខ្លួនច្រើនដ៏មិននឹកស្មាន បើទោះបីជាមានការរិះគន់ក៏ដោយ។
ជាមួយគ្នានេះ ពលរដ្ឋក៏បានសួរថា តើស្ថាប័នជំនាញខាងណា ចេញបកស្រាយដល់មហាជន ដើម្បីបញ្ជៀសការយល់ច្រឡំ នៃការប្រើប្រាស់ឡានសារ៉ែនបែបនេះ?
ទោះជាយ៉ាងណា បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ និងវែកញែកជាច្រើន ក្រោយមានជំទាវលក់អនឡាញម្នាក់ ទៅញ៉ាំការគេសុទ្ធតែមានរថយន្តសេរ៉ែនបើកផ្លូវ! នៅពេលនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលហ៊ានអូសក្បួនរថយន្តឈ្មួញអនឡាញខាងលើ យកមកអនុវត្តច្បាប់ហើយ៕