រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871។ សេចក្តីប្រកាសព័ត៌មាននេះ កងរាជអាវុធហត្ថ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អ្នកសារព័ត៌មានដែលបានចូលរួមផ្តល់មតិក្នុងន័យស្ថាបនា និងការផ្តល់ព័ត៌មាននានា រួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់។
ឯកឧត្តមឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ដូចខាងក្រោម៖
១- តាមសេចក្តីរាយការណ៍របស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រោង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖ អនុវត្តតាម បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងរថយន្តស៊ីរ៉ែនអូសក្បួននោះ ហើយ បានកោះអញ្ជើញបុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។
២- ក្រោយពីបានស្តាប់ដំណើររឿង និងអង្គហេតុរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានអប់រំបុគ្គលដែលពាក់ព័ន្ធឱ្យយល់ដឹង អំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើ បែបនោះតទៀត ជាពិសេសត្រូវចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។
៣- ចំពោះម្ចាស់រថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 បានប្រគល់ជូន អង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព។
កងរាជអាវុធហត្ថ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមផ្តល់មតិក្នុង ន័យស្ថាបនា និងការផ្តល់ព័ត៌មាន នាពេលកន្លងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី