Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យ ឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យ ឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន ដូច្នេះហើយ ទើបក្រសួង ព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែ ត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មាន សម្រាប់ប្រទេសជាតិ និងកិច្ចការងារព័ត៌មាននិងសាធារណមតិព្រោះក្នុងបរិបទបច្ចុប្បន្ន ការងារសាធារណមតិ កាន់តែស្រួចស្រាល ហើយក្រុមជនអគតិក៏បានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយក្លែងក្លាយ និងមានចរិតបំភ្លៃ បំផ្លើស និងបំភ័ន្តកាន់តែច្រើនដែលចាំបាច់យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាក្នុងការផ្សព្វផ្សាយពីការពិតជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា តួនាទីរបស់មន្ទីរព័ត៌មាន ជាជំនួយការដល់គណៈបញ្ជាការឯកភាពខេត្ត រាជធានី ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន ដែលប្រការនេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ហើយខិតខំកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន។

ជាមួយគ្នានេះ ក្រសួងបានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាន បានផ្តោតសំខាន់លើការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ព័ត៌មានដែលមានគុណភាព និងសុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មាន ដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនបំពុល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរ និងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×