នាព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកកិច្ចប្រជុំស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក នៅសាលប្រជុំរំដួល នៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ទីរធនធានទឹក និងឧតុមនិយមរាជធានី-ខេត្ត។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំថ្ងៃនេះគឺជាការចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកដែលជាការងារស្នូលរបស់ក្រសួង ហើយក្នុងនាមជាក្រសួងជំនាញដែលទទួលបន្ទុកការងារគ្រប់គ្រងធនធានទឹក និងអាកាសធាតុគឺមានតួនាទីដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់អំពីបរិមាណទឹកដែលមានសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ ឯកត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា កាលពីឆ្នាំកន្លងទៅ ពេលរដូវប្រាំងចូលមកដល់ ក្រសួងបានធ្វើការផ្សព្វផ្សាយជូនដំណឹងតាមគោលនយោបាយប្រព័ន្ធតែមួយ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹក ហើយក៏បានសំណូមពរដល់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែប្រាំងលើកទី២ និងលើកទី៣ ដែលអាចប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ធ្វើឱ្យមានការខាតបង់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅឆ្នាំនេះក៏ដូចជាឆ្នាំកន្លងទៅដែរ ក្រសួងបានធ្វើការផ្សព្វផ្សាយជូនដំណឹង ក៏ប៉ុន្តែមានភាពជាក់លាក់ជាងមុន ច្បាស់ជាងមុន មានភស្តុតាងច្បាស់លាស់ ដោយមន្ទីរធនធានទឹក និងឧតុនិយមតាមខេត្តនីមួយៗធ្វើផែនទីទឹក និងបញ្ជាក់ពីបរិមាណទឹកដែលមានសម្រាប់ការងារស្រោចស្រពនិងការប្រើប្រាស់ប្រចាំថ្ងៃ និងផែនការធ្វើស្រែប្រាំងនៅតាមមូលដ្ឋានក្នុងបណ្តាខេត្ត ដើម្បីជំរុញការផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំត្រីវិស័យ កសិកម្ម ទឹក ជនបទ ព្រមទាំងផ្សព្វផ្សាយជូនប្រជាកសិករដែលជាអ្នកប្រើប្រាស់ទឹកនៅមូលដ្ឋានផ្ទាល់ឱ្យអនុវត្តការដាំដុះទៅតាមផែនការ និងជៀសវាងការខាតបង់ដោយសារការខ្វះខាតទឹកស្រោចស្រព៕ រក្សាសិទ្ធដោយ៖សុទ្ធលី