ភ្នំពេញ ៖ ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះ នារសៀលថ្ងៃទី១៣មករានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយបានអញ្ជើញចុះពិនិត្យទីតាំង ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ដែលមានទីតាំងនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូង ឈាងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជាឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោងនិងតង់លក់អាហារចេញនិងណែនាំឲ្យដាំស្មៅក្នុងទីតាំងនេះឲ្យបានស្រស់ស្អាត។
គួរបញ្ជាក់ថា៖ ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជាគឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនព្រះពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ៕ រក្សាសិទ្ធដោយ៖សុទ្ធលី