មហាជនពិតជាសម្តែងនូវក្តីអាណិតអាសូរ និងសោកស្តាយជាពន់ពេក ចំពោះស្រ្តីជាអ្នកចម្រៀងប្រពៃណី ដែលធ្លាប់តែមានរូបសម្រស់ស្រស់សោភា និងមានទឹកដមសម្លេងដ៏ពិរោះរណ្តំខ្លាំង តែពេលនេះ មិននឹកស្មានថាក្លាយជាមនុស្សមានសតិស្មារតីមិនប្រក្រតី លែងនិយាយស្តីច្រើន ពោលគឺប្រៀបដូចជាមនុស្សឆ្កួតទៅហើយ ដោយនៅដឹងខុសដឹងត្រូវម្តងម្កាលប៉ុណ្ណោះ។
ជាក់ស្តែង តាមរយៈវីដេអូ កំពុងបកស្រាយបទចម្រៀងភ្លេងការដ៏ពិរោះជាប់ចិត្ត ស្រ្តីរូបនេះដែលរូបសម្រស់ធ្លាក់ចុះខ្លាំង បានតុបតែងខ្លួនយ៉ាងប្លែកជាមួយសម្លៀកបំពាក់ចាស់ គូរចិញ្ចើមធំៗ លាបក្រែមដូចថ្លុកកំប្លែង គឺពេលខ្លះបានបង្ហាញឥរិយាបទសម្លក់សម្លឹងម្តងៗ ដែលហាក់ដូចជាគ្មានព្រលឹងព្រលះស្មារតីនៅក្នុងខ្លួននោះទេ។
នេះបើតាមរយៈការចែករំលែកពីទំព័រហ្វេសប៊ុក ប្លែកៗប្លែក បានបង្ហោះវីដេអូ និងភ្ជាប់សារយ៉ាងដូច្នេះថា «អាណិត ស្រណេះ បូរ វាំង ជាអ្នកច្រៀងភ្លេងការ លូវ បាត់បង់សតិ ឆ្កួត បងប្អូន មានវិធីព្យាបាយ ពូកែ ឬជួយ ផ្គត់ផ្ទង់សំភារៈជាលុយ ព្យាបាល ទំនាក់ទំនង មកប្អូនបង្កេីតគាត់ផ្ទាល់ លេខ 0965239596 ឫ0882894001»។
តែយ៉ាងណាមិញ បើតាមសាច់ញាតិរបស់ស្រ្តីកំពុងមានបញ្ហាសតិរូបនេះ បានប្រាប់ឲ្យដឹងថា បងស្រីរបស់គាត់មានឈ្មោះថា បូវាំង គឺជាអ្នកចម្រៀងភ្លេងការ មានសតិមិនល្អច្រើនឆ្នាំមកហើយ ដោយទទួលបានការព្យាបាលច្រើនដងមកហើយដែរ ប៉ុន្តែ ជាឈឺឈឺជា ដោយសារតែគាត់គិតច្រើនពីជីវិតគ្រួសារមិនសមប្រកប។
សព្វថ្ងៃ ស្រ្តីអតីតអ្នកចម្រៀងភ្លេងការរូបនេះ កំពុងរស់នៅជាមួយបងប្អូនបង្កើតចំនួន ៩ នាក់ និងកូនប្រុសស្រី២នាក់ និងតែងបានមានឱកាសចេញចម្រៀងម្តងៗ ខណៈមានកម្មពិធីមង្គលការក្នុងស្រុកភូមិប៉ុណ្ណោះ។ ហើយមូលហេតុដែលនាំឲ្យកើតមានបញ្ហាសតិនេះ គឺដោយសារគ្រួសារ ដោយស្វាមីទី១ បានចាប់ដៃគ្នារកស៊ី មានកូនប្រុសម្នាក់ ប៉ុន្តែបានទៅធ្វើការនៅថៃ បាត់ដំណឹងសូន្យ ហើយក្រោយមកក៏ទទួលដំណឹងថាបានស្លាប់ ជាហេតុធ្វើឲ្យគាត់ពិបាកចិត្ត និងធ្លាក់ខ្លួនឈឺ អស់មួយរយៈធំ។
ទោះយ៉ាងណា ក្រោយមក គាត់បានរៀបការជាមួយស្វាមីទី២ និងទទួលបានកូនស្រីម្នាក់ ប៉ុន្តែ បុរសជាប្អូនបានបញ្ជាក់ថា ប្តីទី២នេះបានបំផ្លាញទ្រព្យសម្បត្តិ ធ្វើឲ្យគាត់ធ្លាក់ខ្លួនកាន់តែខ្លាំង ហើយប្តីនោះ បានក៏រត់ចោលគាត់ទៀត ហើយមិនយូរប៉ុន្មាន គាត់ក៏រកបានអ្នកទី៣។ តែទោះជាយ៉ាងណា ប្តីក្រោយទាំងពីរនោះ គឺសុទ្ធតែជាមនុស្សបំផ្លាញ និងមិនមានសេចក្តីស្មោះត្រង់ឡើយ ដែលជាហេតុធ្វើឲ្យអ្នកចម្រៀងភ្លេងការរូបនេះ ធ្លាក់ខ្លួនបាត់បង់អស់ទ្រព្យសម្បត្តិ ខណៈរូបសម្រស់កាន់តែស្រុតចុះ ហើយក៏ចាប់ផ្តើមមានបញ្ហាសតិម្តងឆ្កួតម្តងជា រហូតមកដល់ពេលនេះតែម្តង៕