ភ្នំពេញ ៖ នៅថ្ងៃទី១៤ខែមករាឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញរបាយការណ៍ជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញមួយឆ្នាំ នាឆ្នាំ២០២៤ កន្លងទៅនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថាក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៦៦០គណនី។
ក្រុមការងារ បានទទួលដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនី ចំនួន ៣៦០គណនី និង ៩៦គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រី ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម។
ឯកឧត្តមបានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍។ល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏សុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថា ដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។
ឯកឧត្តមបានថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។
ឯកឧត្តមក៏សូមយកឱកាសនេះ សុំការអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី