ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដាច់ជើង (បុរសជាឪពុក និងកូនតូចៗពីរនាក់ បានស្លាប់, ចំណែកប្រពន្ធរងរបួសធ្ងន់ដាច់ជើង) នៅលើផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសាធារណជនបានថ្កោលទោសយ៉ាងខ្លាំង, ពេលនេះអយ្យការ បានសម្រេចចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃ ស្លាប់ និងរបួស ប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី ៣ ទៅ ៥ ឆ្នាំ, នេះបើផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោក និងការវិនិច្ឆ័យក្រៅផ្លូវការរបស់ក្រុមអ្នកច្បាប់។
ខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថាសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ប្រសព្វផ្លូវបេតុង ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើង ដោយជនឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ ដែលបានបើកបររថយន្តមួយគ្រឿង ម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BS-1023 ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល ០.៤៦ Mg/L (មីលីក្រាមក្នុងមួយលីត្រខ្យល់) និងបានរេចង្កូតមកឆ្វេងចូលចំណែកផ្លូវនៃយានម្ខាងទៀត ទៅបុកនឹងម៉ូតូ មួយគ្រឿងម៉ាក HONDA CLICK ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 111-2330 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ហេង រតនា ភេទប្រុស អាយុ២៩ឆ្នាំ និងកូនចំនួន២នាក់ ដែលជាអ្នករួមដំណើរ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ ចំណែកអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ នន ចន្ទលក្ខណា ភេទស្រី អាយុ២៤ឆ្នាំ ជាប្រពន្ធ រងរបួសធ្ងន់។ ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក និងកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយពីបានសាកសួរ និងពិនិត្យភស្តុតាងនានា តំណាងអយ្យការ បានសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃ ស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ និង គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ និង គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើតាមក្រុមអ្នកច្បាប់ដែលយល់ដឹងលើវិស័យច្បាប់ បានធ្វើការវិភាគលើបទល្មើសនេះថា បទល្មើស បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃ ស្លាប់ និងរបួស
តាមបទប្បញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជនល្មើសប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី ៣ ទៅ ៥ ឆ្នាំ និងនៅមានសំណងជំងឺចិត្តផ្សេងទៀត ដែលចៅក្រមនឹងធ្វើបុរេវិនិច្ឆ័យទៅលើភាពសាហាវនៃបទល្មើស ដូចជា អ្នកបើកបរបំពានច្បាប់តម្រូវឱ្យ , បើកបរខ្ជីខ្ជា មិនទ្រង់ប្រយ័ត្ន , ផឹកស្រាស្រវឹងជោកជាំ បំពានលើស្ថានភាពសន្តិសុខនៃការបើកបរ , ព្យ:នកម្មទៅដល់ជីវិតមនុស្ស និងវត្ថុផ្សេងៗ។
ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ដូចរូបភាពខាងលើនេះដែរ ពលរដ្ឋមួយចំនួនបានលើកសំណូមពរទៅដល់ក្រុមអ្នកច្បាប់ តុលាការ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មេត្តាពិនិត្យធ្វើវិសោធនកម្ម ឬបន្ថែមច្បាប់ ទៅលើបទល្មើស បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃ ស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យទៅជាបទល្មើសមួយមានស្ថានទម្ងន់ទោស ស្មើ ឬប្រហាក់ប្រហែល បទល្មើសឃាតកម្មដោយចេតនា មានចែងក្នុងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ប្រឈមនឹងការជាប់ពន្ធនាគារពី ១០ ទៅ ១៥ឆ្នាំ, ព្រោះថា អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងរូបភាពខាងលើនេះ គេបានបំពានច្បាប់តម្រូវឲ្យរួចទៅហើយ, មានន័យថា បើគេបានបំពានច្បាប់តម្រូវឱ្យរួចទៅហើយនោះ ក៏ស្មើនឹងការប្រព្រឹត្តបទល្មើសឃាតកម្មដោយចេតនាផងដែរ, ធ្វើបែបនេះ ដើម្បីពង្រឹងនីតិរដ្ឋសមធម៌សង្គម , កាត់បន្ថយការបើកបរខ្ជីខ្ជា , គ្រោះថ្នាក់ចរាចរណ៍ , កាត់បន្ថយការស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងរាងចាលក្នុងការបណ្ដោយឱ្យខ្លួនប្រព្រឹត្តបទល្មើសក្នុងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ ពិសិដ្ឋ CEN