ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញា ស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ខាងការងារលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងលិខិត បទដ្ឋានគតិយុត្តជាតិនិងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងៗទៀត។
ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបពួកហ្វាសស៊ីស អឺត្អែរដែលបានកាប់សម្លាប់ស្ត្រីនិងកុមារនៅភូមិលីឌីសែ ប្រទេសឆេកូស្លូវ៉ាគី និងនៅភូមិអូរាទូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងដើម្បីរួមគ្នាទប់ស្កាត់អំពើហិង្សា ថែរក្សាសន្តិភាព ពិភពលោក ព្រមទាំងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។
ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា គឺជាការបង្កើនចលនាពិភពលោកប្រឆាំង ពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នដោយប្រទេសជាច្រើនលើសកលលោក លើអនុសញ្ញារបស់អង្គការសហប្រជាជាតិ ខាងការងារលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់ សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងអនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុ អប្បបរមាសម្រាប់ការចូលធ្វើការងារ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជា ទាសករ កុមារ ការជួញដូរកុមារ ពេស្យាចារកុមារ និងការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយ រងគ្រោះជាដើម។
ដោយឡែក ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង ដើម្បីលើកកម្ពស់និងជំរុញ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈមនិង ការរំលោភបំពានគ្រប់រូបភាព ជាពិសេសដើម្បីរំលឹកដល់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង ហើយទទួលរងនូវការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងការរស់នៅយ៉ាងលំបាក វេទនាដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលលំបាកយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមទាំងសិទ្ធិកុមារផងត្រូវបានការពារនិងលើកតម្កើងដោយមានចែង យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ យុទ្ធសាស្ត្រចតុកោណ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាល។
ដើម្បីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំ ដូចខាងក្រោម៖
១-ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ត្រូវប្រារព្ធក្រោមប្រធានបទ “បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និង លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិត វ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់”។
២-ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំមីស្ទឹងថ្នាក់ជាតិនិងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់កុមារនៅរាជធានីភ្នំពេញ។
៣-ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ រៀបចំពិធីអបអរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុស។
៤-ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ណែនាំប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូល ឱ្យជ្រួតជ្រាប អំពីប្រវត្តិនិងគោលបំណងនៃទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និង ទិវាកុមារកម្ពុជាឆ្នាំ២០២៥។
៥-គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំមីស្ទឹង ពិធីជួបសំណេះសំណាលជាមួយកុមារ កម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន អង្គការ មិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលកុមារកំព្រានៅក្នុងមូលដ្ឋានរៀងៗខ្លួន។
៦-គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានសាធារណៈនិងឯកជន ត្រូវជ្រើសរើសទីតាំង សមស្របនិងតាមដងវិថីសំខាន់ៗ ដើម្បីចងបដាពាក្យស្លោកអបអរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ តាមខ្លឹមសារ ដូចខាងក្រោម៖
- ជយោ! ព្រះរាជាណាចក្រកម្ពុជា
- អបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំង
ពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥
- រួមគ្នាអនុវត្តនិងប្តេជ្ញាចិត្តដើម្បីបញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




