កំពត ៖ ដើម្បីឆ្លើយតបនឹងភាពចាំបាច់ ក្នុងដាក់ការបញ្ចូលបញ្ហាប្រជាជន ទៅក្នុងផែនការអភិវឌ្ឍន៍ សំដៅធានាបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច មានសន្ទុះលឿនជាងមុន និងប្រកប ដោយចីរភាព ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវ គុណភាពជីវិតរបស់ប្រជាជនផងដែរ នាថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ នាសាលាខេត្តកំពត លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាប្រជាជនវ័យចាស់នៅកម្ពុជា។
លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ ដើម្បីឲ្យមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដ៏ទៃទៀតបានយល់ដឹង និងចូលរួមចំណែកអនុវត្តគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅលើកកម្ពស់គុណភាពនៃជីវិត និងសុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយអត្រាក្រីក្រនៅកម្ពុជា។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្រេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានដឹកនាំ ប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយជូនប្រជាជនទូទាំងប្រទេស។ ជារួមសម្រាប់ខេត្តកំពតការ ការពារសណ្តាប់ធ្នាប់សាធារណៈត្រូវបានបម្រើ កាន់តែប្រសើរឡើង ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាពសុខសាន្ត ក្រោមដំបូលសន្តិភាព។ លោកបន្តថា សិក្ខាសាលានាពេលនេះ ពិតជាមានសារសំខាន់សម្រាប់មន្ត្រីនៃមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យបានយល់ដឹង និងចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់គុណភាពនៃជីវិត និងសុខមាលភាពរបស់ប្រជាជន និងកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងថា ដោយឈរលើទស្សនៈ ប្រជាជន គឺជាមធ្យោបាយនៃការអភិវឌ្ឍផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង និងឈរលើទស្សនៈបរិយាប័ន្នក្នុងស្ថានភាពសង្គមសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន ធ្វើឲ្យគោលនយោបាយជាតិប្រជាជនឆ្នាំ២០០៣ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ជាគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ ដើម្បីឆ្លើយតបនឹង បម្រែបម្រួលសង្គម-សេដ្ឋកិច្ច និងសង្គមប្រជាសាស្ត្រ ដែលកម្ពុជាបាននិងកំពុងឆ្លងកាត់ និងដើម្បីឆ្លើយតបនឹងភាពចាំបាច់ក្នុងការដាក់បញ្ចូលបញ្ហាប្រជាជន ទៅក្នុងផែនការអភិវឌ្ឍន៍ សំដៅធានាបានការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ចមានសន្ទុះលឿនជាងមុន និងប្រកបដោយចីរភាព។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានលើកឡើងថា “ប្រជាជន គឺជាមធ្យោបាយនៃការអភិវឌ្ឍផង ជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង” និងឈរលើទស្សនៈបរិយាប័ន្នស្ថានភាពសង្គមសេដ្ឋកិច្ចដែលកំពុងរីកចម្រើន គោលនយោបាយជាតិ ប្រជាជនឆ្នាំ២០០៣ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ជាគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ដើម្បីឆ្លើយតបនឹងបម្រែបម្រួលសង្គម-សេដ្ឋកិច្ច និងសង្គម-ប្រជាសាស្ត្រដែល កម្ពុជាបាននិងកំពុងឆ្លងកាត់៕ ដោយ ៖ បញ្ញាស័ក្តិ