ភ្នំពេញ ៖ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជួយបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ព្រមទាំងជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជននិងភ្ញៀវទេសចរជប៉ុន ក្នុងទាក់ទាញឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) នៃជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ចឱ្យបានកាន់តែច្រើនឡើង។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យឯកឧត្តម អ៊ូអ៉ិណុ អាត់ត្ស៊ូស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សូមជួយបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជននិងភ្ញៀវទេសចរជប៉ុន ដើម្បីទាក់ទាញការទស្សនាមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើង។
ឯកឧត្តមឯកអគ្គរាជទូតជប៉ុនលើកឡើងថា កន្លងមក មានភ្ញៀវទេសចរជប៉ុនជាច្រើនចេះតែខ្លាចរអែងពីសុវត្ថិភាពក្នុងការដើរលេងកម្សាន្តនៅកម្ពុជា ប៉ុន្តែដល់ពេលពួកគេមកទស្សនានៅប្រទេសកម្ពុជា គឺខុសពីការព្រួយបារម្ភរបស់ខ្លួន ពោលគឺប្រទេសកម្ពុជាជាប្រទេសស្រស់ស្អាត មានគោលដៅទេសចរណ៍គួរជាទីទាក់ទាញ មានសុខសន្តិភាព សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពទាំងថ្ងៃទាំងយប់ មិនគួរឱ្យព្រួយបារម្ភនោះឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើទៅកាន់លោកឯកអគ្គរាជទូតជប៉ុន សូមជួយបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជននិងភ្ញៀវទេសចរជប៉ុន ដើម្បីទាក់ទាញការទស្សនារបស់ភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើង។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនក្នុងវិស័យទេសចរណ៍កម្ពុជា និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន អ៊ូអ៉ិណុ អាត់ត្ស៊ូស៉ី បានគោរពអញ្ជើញលោករដ្ឋមន្ត្រីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ នៅកោះអូកាវ៉ា (Okawa) ប្រទេសជប៉ុន ដែលនឹងប្រារព្ធឡើងនាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ព្រោះជាឱកាសបង្កើនការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិបន្ថែម។
ម្យ៉ាងវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកឯកអគ្គរាជទូតជប៉ុន ក៏នឹងជួយជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុនឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកកាលពីពេលមានការរាត្បាតដោយជំងឺកូវីដ១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរដែលត្រូវការទៅមកប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) ជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ចឱ្យបានកាន់តែច្រើនឡើង។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងឯកឧត្តមឯកអគ្គរាជទូត អ៊ូអ៉ិណុ អាត់ត្ស៊ូស៉ី ថែមទាំងបានណាត់គ្នាថតឃ្លីបវីដេអូផ្សព្វផ្សាយពីទេសចរណ៍កម្ពុជារួមគ្នានាពេលខាងមុខ ដើម្បីបង្ហាញទៅកាន់ប្រជាជននិងភ្ញៀវទេសចរជប៉ុនឱ្យបានឃើញពីភាពទាក់ទាញរបស់កម្ពុជា និងដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេសដ៏មានសុខសន្តិភាពនេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី