ខេត្តប៉ៃលិន ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នៅពេលដែលបច្ចេកវិទ្យាបញ្ញាសិម្បនិម្មិត (AI) កាន់តែរីកចម្រើនខ្លាំង វិស័យព័ត៌មាន គឺជាអំណាចធំ ពីព្រោះសមរភូមិសារព័ត៌មាន និងសាធារណមតិកាន់តែស្រួចស្រាវ ហើយក៏ជាសមរភូមិដណ្តើមអំណាចគ្នាផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ក្នុងឱកាសបានអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ពីការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងការងារគ្រប់គ្រងសាធារណមតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចការព័ត៌មាន និងសាធារណមតិជាកិច្ចការងារចាំបាច់ និងសំខាន់។ សូម្បីតែការសម្រេចចិត្តធ្វើអ្វីមួយក៏ត្រូវការព័ត៌មានជាមុននោះដែរ ដូច្នេះហើយមនុស្ស និងព័ត៌មាន មិនអាចកាត់ផ្តាច់ចេញពីគ្នាបានជាពិសេសនៅក្នុងដំណើររីកចម្រើនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺមិនមែនគ្រាន់តែចេញទៅយកព័ត៌មាន ហើយធ្វើការផ្សព្វផ្សាយនោះទេ ក៏ប៉ុន្តែ ត្រូវតែគិតគូរពីការរៀបចំ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការបញ្ចេញមតិ ដោយស្ថិតនៅក្រោមច្បាប់រដ្ឋទាំងអស់។ ដូច្នេះកម្ពុជាត្រូវការមន្ត្រី និងអ្នកសារព័ត៌មាន មានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់លើវិស័យសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាធានាពីសន្តិសុខព័ត៌មាននៅកម្ពុជា ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងការប្រកួតប្រជែងជាមួយនឹងបណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់ និងពិភពលោក។
មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតព័ត៌មានឱ្យមានគុណភាព ចំណេះដឹង ព័ត៌មានពិត មានប្រភពច្បាស់លាស់ និងលឿនរហ័ស ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរ។ បច្ចុប្បន្ននេះ បញ្ហាព័ត៌មានក្លែងក្លាយបានបង្កការលំបាកជាច្រើននៅក្នុងសង្គមកម្ពុជា ពីព្រោះលទ្ធភាពនៃការបញ្ចេញព័ត៌មានក្លែងក្លាយកាន់តែសម្បូរបែប ដោយក្នុងនោះបណ្តាញសង្គម Facebook និង TikTok គឺជាប្រភពធំក្នុងការបញ្ចេញព័ត៌មានក្លែងក្លាយ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីព័ត៌មាន និងសាធារណមតិ ព្រមទាំងអ្នកពាក់ព័ន្ធយឺតយ៉ាវក្នុងការឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយនេះ នឹងធ្វើឱ្យសង្គមជួបបញ្ហាដោយសារតែព័ត៌មានក្លែងក្លាយ។ ដូច្នេះ ត្រូវបន្តក្តាប់ឱ្យបានរាល់មតិសាធារណៈ ជាពិសេសឆ្លើយតបភ្លាមៗ ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំង ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី